ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កូរ៉េចង់បង្កើតមជ្ឈមណ្ឌលស្ដង់ដាជាតិវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា ដើម្បីផ្ដល់ការអប់រំជំនាញកែសម្ផស្សប្រកបដោយគុណភាព និងសុវត្ថិភាព

 Monday, 01 July 2019 10:27  |    Written by MLVT  |  2387 times  |   Print  |   Email

(ភ្នំពេញ)៖ សមាគមដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ បានបង្ហាញគោលបំណងចង់បង្កើត «មជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្ស» នៅកម្ពុជា ដើម្បីផ្ដល់ការអប់រំបណ្ដុះបណ្ដាលជំនាញកែសម្ផស្សដល់យុវជន ប្រកបដោយគុណភាព ប្រសិទ្ធភាព ពិសេសគឺសុវត្ថិភាពដល់អតិថិជននៅកម្ពុជា និងក្នុងតំបន់ផងដែរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Harry Hwang នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

នាឱកាសនោះ លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ការដែលលោកមកទស្សនកិច្ចនៅប្រទេសកម្ពុជានេះ គឺដើម្បីមកបង្ហាញគោលបំណងចង់វិនិយោគលើការបង្កើត «មជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្ស» ដោយសារតែលោកបានមើលឃើញសក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជាកំពុងមានភាពផុសផុល ដែលអាចបង្កើតនូវកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិលើវិស័យនេះ។

លោក Lee បានអះអាងថា សមាគមរបស់លោកបាននិងកំពុងដំណើរការ ប្រកបដោយភាពជោគជ័យលើវិស័យកែសម្ផស្សនេះនៅជុំវិញពិភពលោក ដោយក្នុងនោះសមាគមមានស្ថាប័នជាសមាជិកជាច្រើននៅតាមបណ្ដាប្រទេសមួយចំនួន ដូចជាកូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កាណាដា អាមេរិកជាដើម។ លោក Lee បានសុំការអនុញ្ញាតពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបង្កើតឱ្យមានគម្រោងវិនិយោគខាងលើនេះ ដោយលោកបានសន្យាថា ប្រសិនបើគម្រោងវិនិយោគនេះអាចដំណើរការទៅបានពិតមែន ប្រជាពលរដ្ឋកម្ពុជា និងប្រជាជនក្នុងតំបន់នឹងទទួលបានសេវាកម្មកែសម្ផស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ តាមរយៈ ការបណ្ដុះបណ្ដាលដល់អ្នកផ្ដល់សេវាកែសម្ផស្ស ពីសំណាក់អ្នកជំនាញកូរ៉េ និងអ្នកជំនាញមកពីបណ្ដាស្ថាប័នដៃគូ។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបង្ហាញការស្វាគមន៍ និងគាំទ្រគម្រោង នៃការបង្កើតមជ្ឈមណ្ឌលនេះយ៉ាងពេញទំហឹង ពិសេសឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានធានានូវការផ្ដល់អាជ្ញាបណ្ណមួយជូនមជ្ឈមណ្ឌល ដើម្បីប្រតិបត្តិការការងារដោយស្របច្បាប់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានលើកទឹកចិត្តថា ការបើកដំណើរការមជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា នឹងទទួលបាននូវការចាប់អារម្មណ៍ ព្រមទាំងឆ្លើយតបនឹងទីផ្សារសេវាកម្មកែសម្ផស្ស នាពេលបច្ចុប្បន្ន ពីព្រោះសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរីកចម្រើន កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ដូច្នេះការស្វែងរកសេវាកម្មកែសម្ផស្សក៏ចេះតែមានតម្រូវការជាលំដាប់ផងដែរ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា ប្រសិនបើគម្រោងវិនិយោគនេះអាចដំណើរការទៅបានពិតមែន កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន៕


ឯកសារផ្លូវការ