Print this page

ក្រុមជំនាញរបស់ ILO ចុះមកវាយតម្លៃលើសកម្មភាពប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ឱ្យទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ២០១៤-២០១៨

 Wednesday, 19 June 2019 11:15  |    Written by MLVT  |  3186 times

ទីស្តីការក្រសួង៖ ក្រុមការងារនាយកដ្ឋានបច្ចេកទេសរបស់អង្គការ ILO ដឹកនាំដោយលោក Paolo Carlini អ្នកប្រឹក្សាយោបល់ឯករាជ្យអន្តរជាតិ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះមកវាយតម្លៃលើយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការប្រែក្លាយ «អ្នកដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តចាប់ពីឆ្នាំ២០១៤-២០១៨។ ការចុះមកវាយតម្លៃផែនការសកម្មភាពខាងលើ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

ក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) ដែលដឹកនាំដោយលោក Paolo Carlini អ្នកប្រឹក្សាយោបល់ឯករាជ្យអន្តរជាតិ ស្នើសុំជួបសម្តែងការគួរសមដើម្បីវាយតម្លៃទៅលើយុទ្ធសាស្រ្ត និងផែនការសកម្មភាព ក្នុងការប្រែក្លាយពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យទៅជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឆ្នាំ២០១៤-២០១៨។ ការវាយតម្លៃរបស់ក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) នាពេលនេះ មានគោលបំណង៖

   * ដើម្បីដឹងអំពីភាពស៊ីចង្វាក់គ្នា ប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធសាស្រ្ត សកម្មភាព និងការអន្តរាគមន៍របស់ ILO ដើម្បីឆ្ពោះទៅប្រែក្លាយពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

   * ជំរុញការចែករំលែក ចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយសមាជិក ILO និងដៃគូរបស់ខ្លួន។

   * ចែករំលែកការអនុវត្តល្អៗ ដើម្បីជាជំនួយក្នុងការសម្រេចចិត្ត ក្នុងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្ត និងការអភិវឌ្ឍដោយចីរភាព។

   * ការធ្វើដំណើរមកកម្ពុជានៃក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) គឺជាករណីសិក្សា (Case Study) ដែលជាផ្នែកមួយនៃនីតិវិធីនៃការវាយតម្លៃ ដូចដែលបានកំណត់ក្នុង Timeframe របស់ខ្លួន។

   * ក្រុមការងារបច្ចេកទេស ILO ក៏ស្នើសុំជួបពិភាក្សាជាលក្ខណៈបច្ចេកទេសជាមួយនាយកដ្ឋានពេទ្យការងារ និង ប.ស.ស ដែលជាអង្គភាពពាក់ព័ន្ធទៅនឹងការពង្រីកការផ្តល់សេវាទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

   * បន្ទាប់ពីបញ្ចប់ការវាយតម្លៃនេះ ក្រុមការងារបច្ចេកទេសនឹងរៀបចំរបាយការណ៍ ដើម្បីដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល (GB) នៅខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ម៉ម វណ្ណៈ បានបំភ្លឺឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតការងារជូនប្រជាពលរដ្ឋយ៉ាងច្រើន ធ្វើឱ្យអត្រាមានការងារធ្វើស្មើនឹង ៩៩.៣% នៃកម្លាំងពលកម្មសរុបមានប្រមាណ ១០លាននាក់ ក្នុងនោះកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១.៥លាននាក់ កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២.៤លាននាក់ វិស័យកសិកម្មជាង ៤លាននាក់ ពលករធ្វើការក្រៅប្រទេស ១.២លាននាក់ និងមន្រ្តីសាធារណៈប្រមាណ ៥០ម៉ឺននាក់។

ឯកឧត្តមបានបន្តថា គោលនយោបាយជាតិស្តីពី មុខរបរ និងការងារ (NEP 2015-2025) គោលដៅ ១.៣៖ លើកកម្ពស់ការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ តាមរយៈការបង្កលក្ខណៈឱ្យមានការប្រែក្លាយកម្មករនិយោជិត និងអង្គភាពពីសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដោយធានាបាននូវការកែលម្អ និងរក្សាបាននូវជីវភាពរស់នៅក្នុងអំលុងពេលនៃដំណើរការប្រែក្លាយនេះ។ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ក៏បានគ្របដណ្តប់លើអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ឱ្យដំណើរការរបបថែទាំសុខភាពសង្គម ដោយគោលការណ៍ស្ម័គ្រចិត្តក្នុងដំណាក់កាលដំបូង បន្ទាប់មកពិនិត្យលទ្ធភាពក្នុងការបង្វែរទៅជារបបកាតព្វកិច្ច យោងទៅតាមស្ថានភាពជាក់ស្តែង។ ច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាមិនបានរើសអើង ឬបែងចែករវាងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធទេ ពោលគឺច្បាប់នេះមានវិសាលភាពគ្របដណ្តប់ចំពោះគ្រប់កម្មករនិយោជិតទាំងអស់ ដែលមានទំនាក់ទំនងការងារ (Employment Relationship) ជាមួយនិយោជក។ មិនតែប៉ុណ្ណោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសលេខ ៤០៤ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៧ ស្តីពីការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ដែលមានគោលបំណងកំណត់ការអនុវត្តការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ពេលសម្រាលកូនជូនកម្មករនិយោជិតជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ, បានចេញប្រកាសលេខ២៣៥ក.ប/ប្រ.ក.ម.ហ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារតាមផ្ទះ ,បានចេញប្រកាសលេខ១៩៤ ក.ប/ប្រ.ក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពី លក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ៕