ILO ប្ដេជ្ញាបន្តពង្រឹងលក្ខខណ្ឌការងារ ផលិតភាព ការបញ្ជាទិញ និងទាក់ទាញវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើន

 Thursday, 13 June 2019 18:33  |    Written by MLVT  |  204 times  |   Print  |   Email

(ហ្សឺណែវ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានប្ដេជ្ញាបន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ថា «គម្រោង ILO-BFC» ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត ដើម្បីពង្រឹងលក្ខខណ្ឌការងារ ផលិតភាព ការបញ្ជាទិញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ការបញ្ជាក់ពីការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងគណៈប្រតិភូកម្ពុជា ជាមួយលោក Dan Rees នាយកគម្រោងការងារ​ល្អប្រសើរ​ជា​សកល (Better Work Global)នៃអង្គការ ILO នៅទីស្នាក់ការកណ្តាលអង្គការ ILO ទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងឱកាសនេះ លោក Dan Rees បានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិខាងការងារ លើកទី១០៨ ក្រោមប្រធានបទ «អបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ នាពេលនេះ» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី អ៉ិត សំហេង បានជម្រាបជូននាយកគម្រោង​ការងារ​ល្អប្រសើរ​ជា​សកល (Better Work Global) នូវស្ថានភាពទូទៅអំពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំកន្លងមក ទទួលបានជោគជ័យ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់  ហើយកម្ពុជានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO ក្នុងការបន្តបេសកកម្មរបស់អង្គការ ILO ក្នុងបរិបទថ្មីបន្ថែមទៀត ដើម្បីសម្រេចបាននូវផែនទីបង្ហាញផ្លូវរបស់ ILO  និងផែនការសកម្មភាពរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព។ លោក Dan Rees ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។

លោក Dan Rees បានបន្តទៀតថា អង្គការ ILO នឹងបន្តកិច្ចសហការជាមួយកម្ពុជាបន្តទៀត ដើម្បីបង្ហាញសាធារណជនបានដឹងអំពីភាពវិជ្ជមាន នៃកិច្ចសហការគ្នាប្រកបដោយនិរន្តរភាព។ នាយកគម្រោង​ការងារ​ល្អប្រសើរ​ជា​សកល (Better Work Global) រូបនេះបានបញ្ជាក់ពីការប្ដេជ្ញាថា លោកនៅតែបន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដើម្បីពង្រឹងលក្ខខណ្ឌការងារ ផលិតភាព ការបញ្ជាទិញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕