ឯកឧត្តម ហេង សួរ បង្ហាញពីរ៉ាមីតនៃកម្លាំងពលកម្មនៅកម្ពុជា ក្នុងសម័យបដិវត្តឧស្សាហកម្មទី៤

 Monday, 27 May 2019 23:01  |    Written by MLVT  |  375 times  |   Print  |   Email

(ភ្នំពេញ)៖ ថ្លែងបិទបញ្ចប់កិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្លាំងពលកម្មនៅកម្ពុជាអាចបែងចែកជាបីក្រុមធំៗរាងដូចពីរ៉ាមីត ដើម្បីឱ្យពួកគេអាចវិវត្តខ្លួនឱ្យស្របទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។

ឯកឧត្តមបានបង្ហាញពីរ៉ាមីតនៃកម្លាំងពលកម្មសំខាន់ៗ ដោយសង្ខេបយ៉ាងដូច្នេះថា៖

   * ផ្នែកកំពូលពីរ៉ាមីត គឺក្រុមមនុស្សដែលជាអ្នកស្រាវជ្រាវបច្ចេកវិទ្យា អ្នកវិទ្យាសាស្ត្រ អ្នកបង្កើតគ្រឿងយន្ត និងឧបករណ៍ប្រើប្រាស់ជាដើម ដែលក្រុមនេះមានចំនួនតិចជាងក្រុមដទៃ។ នៅពេលក្រុមនេះផលិតរបស់អ្វីមួយបានហើយ គឺដល់វេនក្រុមមនុស្សដែលនៅផ្នែកកណ្ដាលនៃពីរ៉ាមីតម្ដង។

   * ផ្នែកកណ្ដាលនៃពីរ៉ាមីត គឺជាក្រុមការងារជំនាញដែលអាចប្រើប្រាស់ផលិតផលរបស់អ្នកវិទ្យាសាស្ត្រ។ ក្រុមនេះអាចបម្លែង ពីការប្រើប្រាស់ពីភាពស្មុគស្មាញ មកធ្វើឱ្យមានភាពងាយស្រួលសម្រាប់ក្រុមមួយទៀតអនុវត្ត។

   * ផ្នែកខាងក្រោមនៃពីរ៉ាមីត គឺជាក្រុមមនុស្សភាគច្រើនបំផុត ដែលទទួលបានការអប់រំ បណ្ដុះបណ្ដាលតិចតួច ដូចជាកម្មករនិយោជិត បុគ្គលិកការងារជាដើម។ ក្រុមអ្នកទទួលបានការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់គ្រឿងយន្ត ឬគ្រឿងអេឡិចត្រូនិចណាមួយពីក្រុមការងារជំនាញ (ស្ថិតផ្នែកកណ្ដាលនៃពីរ៉ាមីត) ហើយត្រូតែចេះចាំស្ទាត់ក្នុងការប្រើប្រាស់របស់ទាំងនោះ ដើម្បីឱ្យដំណើរការផលិតកម្មប្រព្រឹត្តទៅល្អប្រសើរ។

តាមរយៈការបង្ហាញពីរ៉ាមីតនេះ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត ត្រូវរួមគ្នាបង្កើនធនធានមនុស្សដែលនៅស្រទាប់កណ្ដាលនៃពីរ៉ាមីត ពីព្រោះឧបករណ៍អ្វីម្យ៉ាងយើងអាចទិញពីប្រទេសក្រៅបាន ប៉ុន្តែត្រូវតែមានអ្នកចេះប្រើប្រាស់វា ហើយអាចបណ្ដុះបណ្ដាលបង្រៀនអ្នកដទៃទៀតឱ្យចេះប្រើប្រាស់បានដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា កម្ពុជាពុំគួររំពឹងខ្ពស់ហួសហេតុពេក ក្នុងការចង់ប្រែក្លាយប្រជាពលរដ្ឋទាំងអស់ទៅជាអ្នកវិទ្យាសាស្ត្រនោះទេ កម្ពុជាត្រូវការមនុស្សមួយចំនួនជាអ្នកវិទ្យាសាស្ត្រ ជាអ្នកស្រាវជ្រាវបច្ចេកវិទ្យាជាដើម ដែលបម្រើដល់វិស័យសេដ្ឋកិច្ចរបស់ខ្លួន ហើយក៏ត្រូវការមនុស្សច្រើនជាងនេះបន្តទៀត ដើម្បីប្រែក្លាយបច្ចេកវិទ្យាទៅជាការអនុវត្តជាក់ស្ដែង។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «ក្រៅពីនេះ កម្មករនិយោជិតដែលមានការងារធ្វើ ត្រូវតែត្រៀមខ្លួនត្រឹមតែជាអ្នកចេះប្រើប្រាស់បច្ចេកវិទ្យាដ៏ល្អមួយ ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយសម្រាប់កម្ពុជាក្នុងរយៈពេល ៥-១០ឆ្នាំ ចុងក្រោយនេះ ហើយប្រសិនបើយើងចេះប្រើប្រាស់បច្ចេកវិទ្យាមួយដ៏ល្អ កូនចៅរបស់យើង ក្នុងរយៈពេល២០ឆ្នាំទៀត នឹងធ្វើបានល្អជាងយើង»។ សូមជម្រាបថា កិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជានេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាមួយ សម្រាប់ផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សារវាងអ្នករៀបចំគោលនយោបាយ តំណាងកម្មករនិយោជិត តំណាងនិយោជក និងដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ៕