ប្រតិភូចិនមួយក្រុមធំចង់មកវិនិយោគនៅកម្ពុជាលើវិស័យសុខាភិបាល ឱសថបុរាណ បច្ចេកវិទ្យា និងវិស័យមួយចំនួន

 Monday, 27 May 2019 14:06  |    Written by MLVT  |  113 times  |   Print  |   Email

ទីស្ដីការក្រសួង៖ គណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ រូបិយប៉េកាំង រួមជាមួយប្រតិភូចិនមកពីរដ្ឋធានីប៉េកាំង និងខេត្តជាំងស៊ូ បានមកទស្សនកិច្ចសិក្សាពីឱកាសវិនិយោគនៅកម្ពុជា ក្នុងនោះពួកគេបានបង្ហាញនូវគោលបំណងចង់វិនិយោគលើវិស័យសុខាភិបាលកម្រិតខ្ពស់ កសិកម្ម និងឱសថបុរាណចិន ការរុករកធនធានរ៉ែ និងវត្ថុធាតុដើម វិស័យបច្ចេកវិទ្យា ព្រមទាំងវិស័យមួយចំនួនទៀត។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក កាង ជូសៀង អគ្គនាយកមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ រូបិយប៉េកាំង និងជាអគ្គលេខាធិការនៃសមាគមស្រាវជ្រាវផ្នែកសុខាភិបាលចិន បានលើកឡើងថា ការមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានគោលបំណងសិក្សាពីឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា។

លោក កាង ជូសៀង បានបន្តថា ក្នុងការសិក្សាពីឱកាសវិនិយោគនេះ រួមមាន៖ ការវិនិយោគលើផ្នែកសុខាភិបាល ដូចជាការបង្កើតមន្ទីរពេទ្យដែលមានបច្ចេកវិទ្យាព្យាបាលកម្រិតខ្ពស់ ការវិនិយោគលើវិស័យកសិកម្ម ដូចជាការដាំដុះរុក្ខជាតិឱសថបុរាណចិន ការបង្កើតរោងចក្រកែច្នៃរុក្ខជាតិឱសថ ការបង្កើតរោងចក្ររចនាឡូហ្គោ និងព្រីនខ្នាតធំជាដើម។ លោក កាង បានបញ្ជាក់ថា គោលបំណងចង់វិនិយោគនៅកម្ពុជានេះ ដោយសារអ្នកវិនិយោគចិនសម្លឹងមើលឃើញពីតម្រូវការចាំបាច់ដែលមាននៅកម្ពុជា ជាពិសេសសេវាសុខាភិបាល ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេស។ មួយវិញទៀត កាវិនិយោគនេះក៏ស្របតាមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» តាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន ដើម្បីជំរុញទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះវិនិយោគចិនដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅកម្ពុជា ពិសេសពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិតបានបន្តថា ការវិនិយោគនេះក៏នឹងផ្ដល់សារៈសំខាន់ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ពិសេសជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាឱ្យតែកាន់រីកចម្រើនឡើងបន្ថែមទៀត៕