Print this page

ពិធិបើកកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា

 Monday, 27 May 2019 10:46  |    Written by MLVT  |  2340 times

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ការវិវត្តបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្មទី៤ នឹងបង្កើតឱ្យមានប្រភេទការងារថ្មីៗ ហើយក៏នឹងបណ្តាលឱ្យបាត់បង់ការងាររបស់យុវជនផងដែរ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញឱ្យស៊ីចង្វាក់ជាមួយតម្រូវការទីផ្សារ។

ការថ្លែងបែបនេះរបស់ឯកឧត្តម អ៊ិត សំហេង ធ្វើឡើងក្នុងពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។ គោលបំណងសំខាន់នៃការរៀបចំកិច្ចសន្ទនានេះ គឺដើម្បីបង្កើតជាវេទិកាមួយសម្រាប់ផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សារវាងអ្នករៀបចំគោលនយោបាយ តំណាងកម្មករនិយោជិត តំណាងនិយោជក និងដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការសិក្សាមួយរបស់អង្គការ ILO ក្នុងឆ្នាំ២០១៦ ស្តីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស័្វយប្រវត្តិកម្ម បានបង្ហាញថា ៥៦% នៃការងារសរុបនៅក្នុងប្រទេសអាស៊ានចំនួន ៥ នឹងប្រឈមហានិភ័យខ្ពស់ទៅនឹងការធ្វើស្វ័យប្រវត្តិកម្ម ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ក្នុងនោះប្រទេសកម្ពុជាមានអត្រា ៥៧% ឥណ្ឌូនេស៊ី ៥៦% ហ្វីលីពីន ៤៩% ថៃ ៤៤% និងវៀតណាម ៧០%។ យោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីការអង្កេតអនាគតនៃការងារ នៅឆ្នាំ២០១៨ មកទល់ពេលបច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យានេះ មិនទាន់បណ្តាលឱ្យមានការកាត់បន្ថយការងារជាទូទៅនៅទ្បើយនោះទេ។ ខណៈការផ្លាស់ប្តូរនេះ ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានលើវិស័យមួយចំនួន ប៉ុន្តែវាក៏បានបង្កើតការងារថ្មីៗជាច្រើនដោយផ្ទាល់ និងដោយប្រយោលនៅក្នុងវិស័យ និងមុខរបរផ្សេងៗផងដែរ។

បច្ចុប្បន្ន ប្រទេសកម្ពុជាមានអត្រាប្រជាជនអាយុក្រោម២៥ឆ្នាំចំនួន ៤៩.៥% នៃប្រជាជនសរុប ហើយមានអត្រាយុវជនអាយុ១៥-២៤ឆ្នាំចំនួន ២៨.៩% នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ១៥-៦៤ឆ្នាំ) ដែលអត្រានេះបានធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានប្រជាជនវ័យក្មេង។ ក្នុងន័យនេះ កម្លាំងពលកម្មជាពិសេសយុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួលបានជំនាញមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់។ ជាក់ស្តែង កម្ពុជាកំពុងជួបប្រទះនូវបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្តុះបណ្តាលនៅមានកម្រិត និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ជាងនេះទៅទៀត ការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្តឧស្សាហកម្មទី៤ នឹងបណ្តាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឱ្យមានប្រភេទការងារថ្មីៗផងដែរ។ ប៉ុន្តែអ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលវិវត្តនេះ នឹងមិនអាចស្វែងរកការងារបាននោះទេ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញ។ ដោយបានយល់ឃើញអំពីបញ្ហាប្រឈមខាងលើ និងសក្តានុពលផ្នែកប្រជាសាស្ត្ររបស់កម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៦ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅធានាកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចីរភាព តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាព នៅក្នុងតំបន់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងចាប់យកឱកាស ក៏ដូចជាជម្នះរាល់ផលអវិជ្ជមាននៃបដិវត្តឧស្សាហកម្មទី៤ ព្រមទំាងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ចំណុចនេះរាជរដ្ឋាភិបាលបានផ្តោតជាពិសេសលើអាទិភាព ដូចខាងក្រោម៖

    * ការអភិវឌ្ឍធនធានមនុស្ស រួមមាន៖ ការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងការពង្រឹងសមភាពយេនឌ័រ និងការគំាពារសង្គម។

   * ការធ្វើពិពិធកម្មសេដ្ឋកិច្ច រួមមាន៖ ការកែលម្អប្រព័ន្ធទ្បូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល ការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ។

   * ការអភិឌ្ឍវិស័យឯកជន និងការងារ រួមមាន៖ ការអភិវឌ្ឍទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនភាព ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និងឯកជន និងការពង្រឹងការប្រកួតប្រជែង៕