Print this page

កម្ពុជា-ហ្វីលីពីនបន្តអនុវត្តកិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅមក

 Thursday, 09 May 2019 12:14  |    Written by MLVT  |  382 times

ទីស្ដីការក្រសួង៖ កម្ពុជា-ហ្វីលីពីន នឹងបន្តអនុវត្តនូវស្មារតី នៃសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាព្រមព្រៀមគ្នា ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅមក កាលពីខែធ្នូឆ្នាំ២០១៧កន្លងមក។ នេះជាការលើកឡើង ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Christopher B.MONTERO ឯកអគ្គរដ្ឋទូត សាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា តាមស្មារតីកិច្ចសហប្រតិបត្តិការទេ្វភាគីមួយនេះ បានផ្តល់សេវាដល់ពលករ ទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់បានតាមរយៈ កុងស៊ុល រឺស្ថានទូតដែលមានទីតាំងនៅប្រទេសណាមួយ។ ក្នុងន័យថា បើហ្វីលីពីនមានកុងស៊ុល រឺស្ថានទូត ហើយកម្ពុជាមិនមាន ហ្វីលីពីនអាចជួយផ្តល់សេវាផ្សេងៗដល់ពលករកម្ពុជាបាន ផ្ទុយទៅវិញបើហ្វីលីពីនមិនមានកុងស៊ុល ស្ថានទូតនោះទេ ហើយកម្ពុជាមាននៅក្នុងប្រទេសណាមួយ នោះតំណាងកុងស៊ុល រឺស្ថានទូតកម្ពុជាអាចជួយពលករហ្វីលីពីនបានដូចគ្នាដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតហ្វីលីពីន សូមជួយផ្សព្វផ្សាយ និងជូនដំណឹងដល់ពលករ ហ្វីលីពីនដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានពលករខ្លះមិនទាន់បានចុះបញ្ជីធ្វើប័ណ្ណការងារនៅឡើយ ដូច្នេះ សូមចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង ដើម្បីទទួលបានប័ណ្ណការងារ ធ្វើការដោយស្របច្បាប់ ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជានិងហ្វីលីពីនមិនទាន់មានកិច្ចសហប្រតិបត្តិការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅឡើយនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីចង់អោយមានកិច្ចសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេសនេះទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមកដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម អ៊ិត សំហេង បានអបអរសាទដល់ឯកឧត្តមអគ្គរដ្ឋទូត បានបំពញបេសកម្មការទូតនៅកម្ពុជាដោយជោគជ័យ ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថាពេលវេលាពិតជាលឿនណាស់សម្រាប់ឯកឧត្តមអគ្គរដ្ឋទូតក្នុងការបំពេញបេសកម្មដ៏មានអត្ថន័យមួយនេះនៅលើទឹកដីកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា កិច្ចសហប្រតិបត្តិការ  រវាងប្រទេសទាំងពីរ ចាប់ពីដើមរៀងមកដល់ពេលនេះ មានភាពល្អប្រសើរទាំងកិច្ចសហប្រតិបត្តិការលើកផ្នែកនយោបាយ សេដ្ឋកិច្ច និងទេសចរណ៍ ។ កិច្ចសហប្រតិបត្តិការនេះបានធ្វើឲ្យអ្នកវិនិយោគ ហ្វីលីពីនអញ្ជើញមកវិនិយោគនៅកម្ពុជាកាន់តែច្រើបន្ថែមទៀត ខណៈមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះដែរ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋហ្វីលីពីនបញ្ចប់អណត្តិនៅកម្ពុជា បានឯកភាពនូវការលើកឡើងរបស់ឯកឧត្តម អ៊ិត សំហេង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងការជួយពលករដែលកំពុងបម្រើការងារនៅបណ្តាប្រទេសមួយចំនួន៕