Print this page

ឯកឧត្តម អ៊ិត សំហេង ក្រើនរំឭកដល់រោងចក្រទាំងអស់អនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការគ្រោះថ្នាក់ពីបាតុភូតិអ៊ែលនីណូ

 Friday, 03 May 2019 10:39  |    Written by MLVT  |  200 times

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ៖ «សុវត្ថិភាព និងសុខភាពការងារ និងអនាគតនៃការងារ» ថ្ងៃទី០៣ ខែឧសភា ២០១៩ តំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំឭកដល់បណ្ដារោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តតាមការណែនាំឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានដោយសារបាតុភូតឡើងកម្ដៅ «អ៊ែលនីណូ»។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអំឡុងពេលប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលនៃបាតុភូតអ៊ែលនីណូ (El Nino) ដែលធ្វើឱ្យអាកាសធាតុបន្តក្តៅខ្លាំងរហូតដល់ពាក់កណ្តាលខែឧសភាព ម្ចាស់-នាយកសហគ្រាស និងកម្មករនិយោជិតត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖

    ១៖ ចំពោះកម្មករនិយោជិតត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖

         * បង្កើនការទទួលទានទឹកឆ្អិនឱ្យបានច្រើន និងញឹកញាប់តាមដែលអាចធ្វើបាន ដោយមិនត្រូវរងចាំរហូតដល់ស្រេកទឹកនោះទេ

         * កុំពិសាវត្ថុរាវដែលមានជាតិអាល់កុល ឬជាតិស្ករច្រើន ពីព្រោះសារធាតុធ្វើឱ្យបាត់បង់ជាតិទឹកកាន់ច្រើន

         * ជៀសវាងពិសាភេសជ្ជៈដែលត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឱ្យរមូលក្រពះ

         * ជៀសវាងពិសាអាហារក្តៅៗ និងពិសាអាហារច្រើនពេក ពីព្រោះវាបង្កើនកម្ដៅក្នុងរាង្គកាយ

         * កាត់បន្ថយការប៉ះពាល់នឹងកម្ដៅព្រះអាទិត្យផ្ទាល់ ជាពិសេសក្នុងអំឡុងពេលថ្ងៃ និងកន្លែងដែលប្រឈមនឹងកម្ដៅខ្លាំង។ ប្រសិនបើត្រូវចេញទៅខាងក្រៅសូមពាក់មួក ឬប្រើឆ័ត្រ និងលាបឡេការពារកម្ដៅថ្ងៃ (បើអាចធ្វើទៅបាន)

         * ស្លៀកពាក់សម្លៀកបំពាក់ស្តើងៗ ឬមានពណ៌ស្រាល និងរលុង * ត្រូវប្រកាន់អនាម័យជាប់ជានិច្ច ដូចជាលាងដៃជាមួយសាប៊ូ ក្រោយពេលចេញពីបង្គន់អនាម័យ និងមុនពេល និងក្រោយពេលទទួលទានអាហារ។

   ២៖ ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន សូមអនុវត្តនូវវិធានការទាំង១១ចំណុច ដូចមានចែងក្នុងសេចក្តីជូនដំណឹងលេខ០០៤/១៩កប/ស.ជ.ណ.ព.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន៕

ឯកឧត្តមបានបន្តថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើង ដោយរាជរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។ ទិវាពិភពលោកនេះ មានគោលបំណង៖

   * ផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិត ជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

   * បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌នៃបង្ការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

   * ជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក៕