ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតឲ្យលោក Sardar Umar Alam តំណាងថ្មីនៃអង្គការUNESCOប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 ព្រហស្បតិ៍, 21 មីនា 2019 13:04  |    Written by MLVT  |  125 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឲ្យលោក Sardar Umar Alam នាឱកាសដែល រូបលោក ត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការUNESCOប្រចាំកម្ពុជា និងដើម្បីជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបត្តិការដែលអង្គការ UNESCO កំពុងធ្វើជាមួយរាជរដ្ឋាភិបាលកម្ពុជាលើផ្នែកអភិវឌ្ឍន៍ជំនាញ និងការងារសម្រាប់យុវជន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការក្រសួង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់យូណេស្កូ ដែលជាដៃគូល្អ ហើយតែងតែជួយកម្ពុជាគ្រប់ដំណាក់កាលតាំងពីកម្ពុជាមានភាពលំបាក។

ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាមានសម្បត្តិវប្បធម៌ដ៏ល្អផូរផង់ ហើយសម្បត្តិវប្បធម៌របស់កម្ពុជា ក៏បានដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក ដូចជាប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុក ល្ខោនខោល ព្រមទាំសម្បត្តិជាតិជាច្រើនទៀតទៅក្នុងអង្គការយូណេស្កូរួចហើយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា វិស័យអប់រំនៅកម្ពុជាបានកំពុងតែមានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ខ្ពស់ លើវិស័យធនធានមនុស្សជាចំណុចអាទិភាព។ ឯកឧត្តមបណ្ឌិតក៏បានអរគុណដល់អង្គការយូណេស្កូ ដែលបានជួយដល់វិស័យការងារ ដូចជាការបណ្តុះបណ្តាលដល់សិស្ស-និស្សិត កាលពីពេលកន្លងមក។ ក្រៅពីកិច្ចសហប្រតិបត្តិការ យូណេស្កូក៏បានក៏បានបង្កើតគម្រោង"មុខរបរ និងការងារសម្រាប់យុវជន" ហើយសង្ឃឹមថា យូណេស្កូនឹងបន្តជួយមកក្រសួង ក្នុងការសហការគ្នាឲ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងតែ រៀបចំនូវផែនការយុទ្ធសាស្ត្រ សម្រាប់អាណត្តិថ្មីនេះ ដែលស្របនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិថ្មីនេះផងដែរ។

ក្នុងជំនួបនោះដែរភាគីទាំងពីរបានសន្យាធ្វើករពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើកគោលដៅរួមរបស់អង្កការយូណេស្កូ ដែលភាគីទាំងពីរបានធ្វើការកាលពីពេលកន្លងមកជាមួយគ្នា។តំណាងអង្កការយូណេស្កូ ក៏បានរីករាយទទួកយកនូវសំណើរដែលឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងផងដែរ។ សូមបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការដែល រាជរដ្ឋាភិបាលកម្ពុជាបាន សហប្រតិបត្តិការជាមួយអង្គការ UNESCOកន្លងមករួមមាន៖

   • កិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងអង្គការ UNESCO អគ្គនាយកដ្ឋានTVET នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដំណើរការរៀបចំអនុវត្តគម្រោងសាកល្បងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ិនធឺណិត (BEEP) ដោយបានចាប់ផ្តើមពីត្រីមាសទី៤ ឆ្នាំ២០១៦ ដល់ត្រីមាសទី៤ ឆ្នាំ២០១៩ ដើម្បីផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សា បានសិក្សារៀនសូត្របញ្ចប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឱ្យមានជំនាញសម្រាប់ទទួលបានការងារល្អ ព្រមទាំងមានឱកាសអាចបន្តការសិក្សាតាមប្រព័ន្ធ TVET ផ្លូវការបាន។

   • នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ តំណាងអគ្គនាយកដ្ឋានTVET បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអង្គការ UNESCO ដែលមានទឹកប្រាក់ចំនួន ១៨,១៨១.៥៥ដុល្លារអាមេរិក (ដប់ប្រាំបីពាន់ មួយរយប៉ែតសិបមួយដុល្លារអាមេរិក និងហាសិបប្រាំសេន)។

   • គម្រោងនេះត្រូវបានអនុវត្តដោយគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ០៥ (គ្រឹះស្ថានសិក្សាចំនួន០៣ នៅរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សាចំនួន ០២ទៀត នៅខេត្តសៀមរាប)។

កម្មវិធីនេះបានផ្តល់ការបណ្តុះបណ្តាលទៅលើ ១១ មុខវិជ្ជា ដោយមាន៖ ភាសាខ្មែរ និងគណិតវិទ្យា១ ជាមូលដ្ឋានគ្រឹះសម្រាប់សិស្សក្នុងកម្មវិធី BEEP និងមុខវិជ្ជាបច្ចេកទេសមាន៖ គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា២ យេនឌ័រ និងជំនាញជាមូលដ្ឋានសម្រាប់ការងារ និងមុខវិជ្ជាទូទៅ៖ អង់គ្លេស សហគ្រិនភាព ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

   • បានថតបញ្ចប់វីដេអូមេរៀន១០០% លើមុខវិជ្ជាដូចជា៖ ភាសាខ្មែរ គណិតវិទ្យា១ អង់គ្លេស និងយេនឌ័រ និងកំពុងដំណើរការថតមុខវិជ្ជាផ្សេងៗ

   • បានរៀបចំនិមិត្តសញ្ញា BEEP ផ្លូវការ និងបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក សម្រាប់កម្មវិធី BEEP។

   • បានរៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីសិក្សាដោយប្រើប្រាស់កម្មវិធី Moodle App សម្រាប់ទូរស័ព្ទ និងថេប្លេតជាមួយអង្គការអប់រំពិភពលោក។

តាមរយៈការអនុវត្តគម្រោងនេះ គ្រឹះស្ថានទទួលបានសិស្សចុះឈ្មោះតាមអនឡាយសរុបចំនួន ៦២៦នាក់ ចុះឈ្មោះផ្ទាល់ និងកំពុងសិក្សានៅ ០៣មណ្ឌលសិក្សា នៅខេត្តសៀមរាប មានចំនួន ៣៦នាក់ និងសិស្សកំពុងសិក្សានៅមណ្ឌលសិក្សាទី១ មានចំនួន ២០នាក់។