ឯកឧត្តម អ៊ិត សំហេង៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ឱ្យស្ត្រី ក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

 ព្រហស្បតិ៍, 28 កុម្ភៈ 2019 11:39  |    Written by MLVT  |  127 times  |   Print  |   Email

ទីស្ដីការក្រសួង៖ ក្នុងពិធីអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ គួរជម្រាបថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីនៅក្នុងសង្គម។

នៅកម្ពុជា ទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»។ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិធីអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារីនេះ ត្រូវបានប្រារព្ធឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងតែម្ដង។ ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»។

ឯកឧត្តមបញ្ជាក់ថា គោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្រ្តី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ក្របខណ្ឌគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម និងសន្តិសុខសង្គម ដែលជាការគិតគូរចំពោះស្រ្តី មានជាឤទិ៍ ៖

ទី១៖ កម្មការិនីសម្រាលកូនបានទទួលប្រាក់ឈ្នួលចំនួន ១២០% ចំនួន៣ខែ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការនីសម្រាលកូន ដោយផ្តល់ជូនកូនមួយនាក់ចំនួន ៤០ម៉ឺនរៀល ចំពោះកូនភ្លោះទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះបីបាន ១លាន២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។

ទី២៖ នៅពាក់កណ្តាលឆ្នាំ២០១៩ អនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលមាន ៣ដំណាក់កាល គឺដំណាក់កាលទី១ ឧបត្ថម្ភ៤លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីមានផ្ទៃពោះទៅទទួលយកសេវាពិនិត្យផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២ ឧបត្ថម្ភ២០ម៉ឺនរៀល នៅពេលស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងដំណាក់កាលទី៣ ឧបត្ថម្ភ១០លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬសេវាគាំពាររហូតដល់កុមារមានអាយុ២ឆ្នាំ។

ទី៣. ការអនុញ្ញាតឱ្យកម្មការិនីជាស្រ្តីដែលមានផ្ទៃពោះ ចេញមុនម៉ោងយ៉ាងតិច១៥នាទី។ លើសពីនេះទៀត គ្រប់រោងចក្រទាំងអស់ត្រូវរៀបចំបន្ទប់បំបៅកូនសម្រាប់កម្មការនី ដែលមានកូនអាយុក្រោម១២ខែនិងត្រូវមានទារកដ្ឋានសម្រាប់កម្មការនីដែលមានកូនអាយុលើសពី១៨ខែ។ គ្រប់តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្មត្រូវរៀបចំឱ្យមានទារកដ្ឋានមួយនៅក្នុងតំបន់របស់ខ្លួន។

ទី៤៖ ទន្ទឹមនឹងនេះ គ្រប់រោងចក្រទាំងអស់បានអនុញ្ញាតឱ្យកម្មករនិយោជិតជាស្រ្តីខ្មែរឥស្លាម អាចប្រើប្រាស់សម្លៀកបំពាក់តាមបែបប្រពៃណីឥស្លាម។

ទី៥៖ រាជរដ្ឋាភិបាលប្រកាសផ្តល់ជូនប្រាក់ឧបត្ថម្ភដល់ស្ត្រីជាមន្រ្តីរាជការស៊ីវិល នគរបាល និងកងកម្លាំងប្រដាប់ឤវុធ ដែលបានសម្រាលកូន ក្នុងនោះកូនមួយទទួលបាន ៨០ម៉ឺនរៀល កូនភ្លោះទទួលបាន ១លាន៦០ម៉ឺនរៀល កូនភ្លោះ៣ ទទួលបាន ២លាន៤០ម៉ឺនរៀល រួមជាមួយនឹងការឈប់សម្រាកលំហែរមាតុភាព រយៈពេល៣ខែ ជាមួយប្រាក់បៀវត្ស ១០០%។ ទាំងអស់នេះ បានបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់ចំញេះស្ត្រី ដោយពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីតែងទទួលបាននូវផលប្រយោជន៍ផ្ទាល់ខ្លួនច្រើន និងកាត់បន្ថយបន្ទុកគ្រួសារកាន់តែច្រើន ដែលជាការលើកកម្ពស់ដល់សមភាពយេនឌ័រកាន់តែប្រសើរឡើង នៅគ្រប់វិស័យនៅកម្ពុជា។

ជាលទ្ធផល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់។  បើពិនិត្យមើលថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ ក្រសួងមានរដ្ឋលេខាធិការជាស្រ្តីមួយរូប អនុរដ្ឋលេខាធិការ៣រូបជាស្រ្តី និងមានថ្នាក់ដឹកនាំជាស្រ្តីជាច្រើនទៀត ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃទាំងឡាយរបស់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ។ លទ្ធផលជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលមិនអាចកាត់ផ្តាច់បានពីការប្តេជ្ញាចិត្តចូលរួមសហការ និងសាមគ្គី ឯកភាពគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំង នារី និងបុរស ក្នុងការគ្រប់គ្រងរាល់សភាពការណ៍ និងពុះពារកសាងនូវបរិយាកាសវិជ្ជមាន និងល្អប្រសើសម្រាប់ធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរដល់បុរសៗ សូមបន្តយកចិត្តទុកដាក់ចំពោះស្ត្រី ស្របតាមពាក្យស្លោកខ្មែរយើងដែលបានលើកឡើងថា “សំណាបយោងដី-ស្រីយោងប្រុស”  ជាពិសេសសូមកុំមានការរើសអើងការងាររវាងស្ត្រី និងបុរស ទាំងការងារក្នុងផ្ទះ និងក្រៅផ្ទះ គឺសុទ្ធសឹងតែមានតម្លៃស្មើគ្នា៕