ឯកឧត្តម អ៊ិត សំហេង៖ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាកម្ពុជានឹងទទួលបានទីផ្សារការងារក្នុងកម្រិតអន្តរជាតិ និងប្រាក់កម្រៃខ្ពស់ នៅជប៉ុន

 ព្រហស្បតិ៍, 24 មករា 2019 16:27  |    Written by MLVT  |  236 times  |   Print  |   Email

(ភ្នំពេញ)៖ នេះជាឱកាសថ្មីមួយទៀតដល់និស្សិតដែលកំពុងសិក្សាផ្នែកគិលានុបដ្ឋាកតាមគ្រឹះស្ថានសិក្សានានា ទទួលបានទីផ្សារការងារក្នុងកម្រិតអន្តរជាតិ ទទួលបានប្រាក់កម្រៃខ្ពស់ ពិសេសរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ តាមរយៈការពង្រីកទីផ្សារការងារ និងលើកស្ទួយមុខមាត់ប្រទេសកម្ពុជា នៅក្នុងតំបន់ ក៏ដូចជាសាកលលោក នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ជេ អិល អេស ខេមបូឌាន និងសិក្ខាសាលាស្តីពីការស្វែងយល់ និងឱកាសការងារផ្នែកគិលានុបដ្ឋាកនៅប្រទេសជប៉ុន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការបណ្តុះបណ្តាលបន្ថែមដើម្បីបំពេញតាមស្តង់ដាជប៉ុនដល់បេក្ខជន បេក្ខនារី និងការសិក្សាភាសា និង វប្បធម៏ ប្រពៃណីជនជាតិជប៉ុន នឹងជួយពង្រឹងគុណភាពលើការបណ្តុះបណ្តាលគិលានុបដ្ឋាក គិលានុបដ្ឋាយិកាកម្ពុជា ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងជំនាន់ក្រោយៗ អោយចាប់អារម្មណ៍លើជំនាញនេះកាន់តែខ្លាំងក្លា ដើម្បីបំពេញនូវតម្រូវការទីផ្សារការងារជាលក្ខណៈអន្តរជាតិ ។ បុគ្គលិកដែលចប់កិច្ចសន្យាការងារហើយត្រលប់មកធ្វើការក្នុងស្រុកវិញ នឹងក្លាយជាធនធានដ៏ល្អមួយ ដោយពួកគេនឹងយកចំណេះ និងបទពិសោធន៏ពីការងារនៅប្រទេសជប៉ុនមកជួយពង្រឹងវិស័យសុខាភិបាលក្នុងស្រុក។ ឯកឧត្តមបានអំពាវនាវដល់សារធារណជនទាំងអស់ ពិសេសសិស្ស និស្សិត អតីតនិស្សិតដែលបានរៀនចប់និងកំពុងស្វែងរកការងារ ឬកំពុងធ្វើការផ្នែកគិលានុបដ្ឋាក សូមសិក្សាស្វែងយល់ពីឱកាសការងារនៅប្រទេសជប៉ុនពាក់ព័ន្ធនឹងជំនាញគិលានុបដ្ឋាកនេះ អោយបានច្រើន តាមរយៈក្រុមហ៊ុន JLS Cambodian Co.,Ltd ដែលបានរៀបចំសិក្ខាសាលានេះ ។

បច្ចុប្បន្ន ក្រសួងបាននឹងកំពុងសហការ ជាមួយមន្រ្តីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ ដោយជប៉ុន បានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានា ដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធី ស្របតាមបទដ្ឋានអន្តរជាតិ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តខិតខំពង្រឹងការអនុវត្តឱ្យ ស្របទៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលក្នុងនោះមានចែងអំពី ការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និង ការបង្កើតមុខរបរដោយខ្លួនឯង។ គូសបញ្ជាក់ថា បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនមានចំនួន ១០៥ ដែលក្នុងនោះទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលអាជ្ញាបណ្ណអនុញ្ញាតអោយធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ដែលក្នុងនោះមានទីភ្នាក់ងារជ្រើរើសចំនួន ៩៣ ដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាត ពីក្រសួងអោយធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន។គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនកម្មសិក្សាការី សរុបចំនួន ៩,១៩៥នាក់ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ១,៥០០ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែ៕