ក្រសួង និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការគ្នាជម្រុញឲ្យប្រសើរឡើងលើការអភិវឌ្ឍផ្នែកធនធានមនុស្ស

 សុក្រ, 11 មករា 2019 11:43  |    Written by MLVT  |  118 times  |   Print  |   Email

ទីស្ដីការក្រសួង៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតនិងទទួលជួបសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ហេង វ៉ាន់ដា ប្រធានសមាគម ក្នុងគោលបំណងស្វែងយល់បន្ថែមពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា កាលពី២០ឆ្នាំមុន ឧត្តមសិក្សាស្ថិតក្នុងស្ថានភាពមួយ នៅក្មេងខ្ចីនៅឡើយ ប៉ុន្តែក្នុងពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានវឌ្ឍនភាពច្រើន តាំងពីការចាប់ផ្តើមបរិមាណតិចតួចរហូតដល់គុណភាព។ អញ្ចឹងគ្រឹះស្ថានឯកជននេះបានចូលរួមវិភាគទានដ៏មានតម្លៃ គឺបានស្រូបទាញយុវជន យុវនារីដែលបានប្រឡងជាប់ចំណេះទូទៅ ចូលមកក្នុងគ្រឹះស្ថាន និងបានរួមចំណែកដោះស្រាយសង្គមដ៏ធំមួយដែលជាកិច្ចការរួមរបស់យើងទាំងអស់គ្នា ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា កម្លាំងពលកកម្មជំនាញ និងបច្ចេកទេស ភាគច្រើនចេញពីគ្រឹះស្ថានឯកជន និងបានក្លាយជាប្រភពធនធានមនុស្សដ៏សំខាន់។

បើតាមឯកឧត្តម ង៉ុយ រិទ្ធ នាយករងខុទ្ទកាល័យរដ្ឋមន្រ្តី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រៅពីជំនួបចង់ស្វែងយល់បន្ថែមពាក់ព័ន្ធវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមក៏បានពិភាក្សាការងារមួយចំនួនដែលចង់បានកិច្ចសហប្រតិបត្តិការ រួមជាមួយក្រសួង ដូច្នេះតាមរយៈការលើកឡើងនូវយោបល់មួយចំនួន ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពឲ្យបង្កើតទៅជាក្រុមការងារចម្រុះមួយដែលមានឯកឧត្តមរដ្ឋមន្រ្តីជាសហប្រធាន ជាមួយនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដើម្បីរួមគ្នាអនុវត្តទៅលើអ្វីដែលជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការបង្កើននូវគុណភាពសិក្សា និងគុណវុឌ្ឍជាតិ ក៏ដូចជាធនធានមនុស្សក្នុងក្របខណ្ឌអប់រំ និងវិជ្ជាជីវៈ ហើយរួមទាំងការចូលរួមក្នុងការអភិវឌ្ឍវិស័យការងារ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ការរីកចម្រើនរបស់ប្រទេសជាតិរបស់យើង ព្រោះថាកន្លងមករវាងវិស័យគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទាន់មានយន្តការជាមួយគ្នាដើម្បីបង្កើនការឆ្លើយតបទៅលើការវិវឌ្ឍថ្មីៗបន្ថែមទៀត។

ក្រោយជំនួបនេះហើយ ភាគីសមាគម និងក្រសួងការងារ នឹងបញ្ជូនសមាសភាពរៀងៗខ្លួនដើម្បីបង្កើតក្រុមការងាររួមជំរុញឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ផ្នែកធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ៕