កម្ពុជា-ILO ពង្រឹងសមត្ថភាពបន្ថែមដល់អ្នកពាក់ព័ន្ធលើការតាមដាន និងវាយតម្លៃប្រាក់ឈ្នួលអប្បបរមា

 ច័ន្ទ, 26 វិច្ឆិកា 2018 14:02  |    Written by MLVT  |  275 times  |   Print  |   Email

(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត នឹងត្រូវអនុវត្តការដំឡើងតាមច្បាប់ប្រាក់ឈ្នួលអប្បបរមា ហើយដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយស្តីពី ការពិនិត្យតាមដានប្រាក់ឈ្នួលអប្បបរមា។ សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Graeme Buckley នាយកប្រចាំតំបន់អង្គការ ILO ប្រចាំនៅប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសថៃ នៅសណ្ឋាគាររ៉ាហ្វលឡីរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តម ហេង សួរ បានលើកឡើងថា ដើម្បីធានាបាននូវយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ក្នុងការធានាបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាព នៃវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅប្រទេសកម្ពុជា ក្រសួងបានរៀបចំច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមច្បាប់ស្ដីពីការងារក៏កំណត់ផងដែរ អំពីប្រាក់ឈ្នួលអប្បបរមា ដែលចាំបាច់ក្នុងការធានានូវជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិតគ្រប់រូប និងអនុសញ្ញាអន្តរជាតិខាងការងារលេខ១៣១ និងអនុសាសន៍លេខ១៣៥ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលតម្រូវឱ្យមានប្រពន្ធកំណត់ប្រាក់ឈ្នួលអប្បបរមាមួយតាមបែបវិទ្យាសាស្ត្រ។

ឯកឧត្តមថា ច្បាប់នេះមាន ៦ជំពូក និង៣0មាត្រា ដែលនឹងមានវិសាលភាពគ្របដណ្តប់លើសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមានគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ បង្កើនផលិតភាពរបស់កម្មករនិយោជិត និងជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរ ប្រកបដោយភាពទាក់ទាញ និងមានគោលដៅ (១)-ធានាការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ (២)-បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមាតាមបែបវិទ្យាសាស្រ្ត ដោយផ្អែកលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច (៣)-បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីជាយន្តការត្រីភាគីសម្រាប់សិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងទ្បាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ឯកឧត្តមបន្តថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាល មានចំនួនសរុបជាង ១ម៉ឺន២ពាន់ និងមានកម្មករនិយោជិតសរុបចំនួនជិត ១លាន៥សែននាក់, សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត ៦សែន មានកម្មករចំនួនជាង ២លាន៤សែននាក់, វិស័យកសិកម្មប្រមាណជាង ៤លាននាក់, ពលករធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ ១លាន២សែន និងមន្ត្រីសាធារណៈចំនួនប្រមាណជាង ៥សែននាក់។

ការបន្តរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ក៏បានផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល អាចអភិវឌ្ឍ និងពង្រីកជាបន្តបន្ទាប់នូវប្រព័ន្ធគាំពារសង្គមសម្រាប់កម្មករនិយោជិត សំដៅធានាឱ្យកាន់តែបាននូវនិរន្តភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្តរបស់កម្មករនិយោជិត និងគ្រួសារ ដោយបានដាក់ឱ្យអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់ឱ្យនិយោជកជាអ្នកបង់វិភាគទាន ១០០% ជំនួសកម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធចាប់ពីខែមករា ឆ្នាំ២០១៨ កន្លងមក ហើយសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ ត្រូវប្រើប្រាស់មូលនិធិសមធម៌។

លើសពីនេះ កម្មការិនីសម្រាលកូនត្រូវទទួលបានការផ្តល់សាច់ប្រាក់ ៤០ម៉ឺនរៀល ក្នុងកូនម្នាក់ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ជាបន្តបន្ទាប់ពីចំនួន ៤០ដុល្លារអាមេរិក ក្នុងមួយខែ នៅក្នុងឆ្នាំ១៩៩៧ ដល់ ១៨២ដុល្លារអាមេរិក ក្នុងមួយខែ នៅឆ្នាំ២០១៩ ខាងមុខនេះ បូកនឹងប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតកម្មករ និយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលជាមធ្យមពី ១៩៩-២១០ដុល្លាអាមេរិក ក្នុងមួយខែ ដែលកម្រិតប្រាក់ឈ្នួលនេះ បានជួយធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ម្មករនិយោជិតកាន់តែប្រសើរ។ លោក Graeme Buckley បានឱ្យដឹងថា សិក្ខាសាលាកម្រិតខ្ពស់នៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសមួយកម្រិតទៀតលើការត្រួតពិនិត្យតាមដាន និងវាយតម្លៃប្រាក់ឈ្នួលអប្បបរមា ដល់ភាគីរាជរដ្ឋាភិបាល ដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារ និងក្រុមការងារបច្ចេកទេសចរចាប្រាក់ឈ្នួល ព្រមទាំងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីបង្កើតបណ្តុំសូចនាករតាមដាន និងវាយតម្លៃផលវិបាកនៃបម្រែបម្រួលប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត៕