ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង ស្នើសមាគមបញ្ជូន-ទទួលពលករ ជួយរៀបចំផ្ទះស្នាក់បណ្តោះអាសន្នសម្រាប់ពលករកម្ពុជានៅថៃ

 ពុធ, 07 វិច្ឆិកា 2018 18:58  |    Written by MLVT  |  57 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសមាគមពាក់ព័ន្ធនានាដែលធ្វើការងារលើការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ជួយរៀបចំផ្ទះស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករកម្ពុជានៅតាមតំបន់សំខាន់ៗ ដែលអាចពួកគេអាចស្នាក់នៅបណ្តោះអាសន្ន ក្នុងអំឡុងពេលប្តូរការងារ ឬរង់ចាំការដោះស្រាយវិវាទជាមួយនិយោជក។

ការស្នើរបស់ ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការការពារ និងគ្រប់គ្រងពលករកម្ពុជាធ្វើការនៅប្រទេសថៃ រវាងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមជ្រើសរើសពលករកម្ពុជា និងសមាគមទំនាក់ទំនងកម្ពុជា-ថៃ នៅសណ្ឋាគារដឹក្រេដឌូក រាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ដោយឆ្លងតាមបទពិសោធន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ ខ្ញុំសូមស្នើសុំសមាគមពិចារណាក្នុងការរៀបចំផ្ទះស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករកម្ពុជានៅតាមតំបន់ក្នុងប្រទេសថៃ ដែលអាចឱ្យពលករកម្ពុជាស្នាក់នៅបណ្តោះអាសន្ន ក្នុងអំឡុងពេលប្តូរការងារ ឬរង់ចាំការដោះស្រាយវិវាទជាមួយនិយោជក»។

ពាក់ព័ន្ធនឹងការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាខាងលើ ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា មុនឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការការពារ និងគ្រប់គ្រងពលករកម្ពុជាធ្វើការនៅព្រះរាជាណាចក្រថៃឡង់ដ៍ នាពេលនេះ គឺសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) សមាគមជ្រើសរើសពលករកម្ពុជា (ACRA) និងសមាគមទំនាក់ទំនងកម្ពុជាកម្ពុជា-ថៃ (TCRA) បានខិតខំសហការជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាវឌ្ឍនភាព និងយន្តការបន្ថែមថ្មីមួយទៀត ក្នុងការការពារដល់ពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃបន្ថែមលើកិច្ចការពារ ដែលមាននាពេលបច្ចុប្បន្ន ព្រមទាំងចូលរួមចំណែកប្រទេសថៃ ឱ្យមានភាពកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំដល់សមាគមទាំងបី ត្រូវសហការគ្នាឱ្យបានស្អិតល្មួត ធ្វើយ៉ាងណាផ្តល់នូវការការពារសុវត្ថិភាព សុខមាលភាពសង្គមដល់ពលករកម្ពុជា ដែលធ្វើការនៅប្រទេសថៃឱ្យបានជាអតិបរមា និងសូមគាំទ្រនូវគម្រោងរបស់សមាគមទាំងបី ដែលនឹងរៀបចំផ្តល់ជូនសេវាកម្មធានារ៉ាប់រងដល់ពលករកម្ពុជា លើការធានាគ្រោះថ្នាក់ការងារ និងអាយុជីវិត ដែលស្របតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕