ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺន នាក់នៅក្នុងខេត្តតាកែវ

 ពុធ, 07 វិច្ឆិកា 2018 11:29  |    Written by MLVT  |  2571 times  |   Print  |   Email

នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ២៣,៤៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះបានធ្វើឡើង នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ រោងចក្រសហគ្រាសទាំង២០ ដែល អនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយ សម្តេចតេជោ គឺមានរោងចក្រកាត់ដេរ សម្លៀកបំពាក់១៣, រោងចក្រផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ ផលិត ផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ដែលបានផ្តល់ការគោរព ស្រលាញ់ ដល់សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណ ម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ ព្រមទាំងសាមគ្គីភាពល្អរវាង កម្មករ និងម្ចាស់រោងចក្រ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបសំណេះ សំណាល ជាមួយកូនក្មួយកម្មករ កម្មការិនី ជាថ្មីម្តងទៀតនៅក្នុងខេត្តតាកែវ។ សម្តេចតេជោ បានមានប្រសាសន៍ ថា នៅខេត្តតាកែវ មានការផ្លាស់ប្តូរ និងមានភាពរីកចម្រើនជាច្រើនហើយ លើកលែងតែផ្លូវជាតិលេខ២ ដែលតភ្ជាប់ពីព្រែកហូតាខ្មៅទៅផ្លូវជាតិលេខ៣ នៅមានសភាពដដែលគឺមិនទាន់បានអនុវត្ត។

សម្តេច តេជោនាយករដ្ឋមន្ត្រី សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យឡើងវិញហើយ ធ្វើយ៉ាងណា ឲ្យការកសាងសង់ផ្លូវជាតិលេខ២ បានដំណើរការឆាប់រហ័ស ព្រោះប្រជាពលរដ្ឋត្រូវការធ្វើដំណើរ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសម័យមុនឆ្នាំ១៩៧៩ កម្ពុជាទទួលរងនូវភាពខ្ទីចខ្ទាំង ហេដ្ឋាចរនាសម្ព័ន្ធខូចខាតស្ទើទាំងស្រុង តែក្រោយពីបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជាមានការីកចម្រើនយ៉ាងខ្លាំងដូចសព្វថ្ងៃនេះ។ ទាំងអស់នេះបាន មកពីការចូលរួមពីឪពុកម្តាយ និងពីជីដូនជីតារបស់ក្មួយៗ ដែលបានសម្រេចនូវកិច្ចការទាំងឡាយ ដើម្បីបានមកវិញនូវសន្តិភាព និងការអភិវឌ្ឍន៍ដូចបានឃើញស្រាប់នៅពេលនេះ។

ទទ្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យកូនក្មួយកម្មករកម្មការនីទាំងអស់ រួមគ្នាថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះចំបងក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបន្តទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន សន្យាជាមួយកូនក្មួយកម្មករថានឹងបន្តដំណើជាមួយកូនក្មួយកម្មករក្នុងរយៈពេល១០ឆ្នាំទៀត ដើម្បីនៅមើលថែ និងរួមសុខរួមទុក្ខជាមួយកូនក្មួយកម្មករកម្មករនី និងប្រជាពលរដ្ឋទាំងអស់។ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី រំឮកដល់ម្ចាស់រោងចក្រត្រូវមានការគោរពស្រលាញ់ គិតគូ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ។ ចំពោះកម្មករវិញគឺត្រូវខិតខំបំពេញតួនាទី ការងារឲ្យបានល្អត្រលប់មកវិញដើម្បីបង្កើតបានសាមគ្គីភាពរវាងម្ចាស់រោងចក្រនិង កម្មករ។ ទន្ទឹមនឹង នេះម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀតនូវអ្វីដែលខ្វះខាតនៅតាមរោងចក្រខ្លួនដូចជា គិលាន ដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួលដល់កម្មករពេលទទួលទានអាហារ និងនៅ ពេលសង្រ្គោះបន្ទាន់។ សម្តេចតេជោ ចង់អោយរោងចក្រទាំងអស់ ដែលបានវិនិយោគនៅក្នុង ប្រទេស កម្ពុជាក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។

នៅឆ្នាំ ២០១៩ ខាងមុខនេះ តម្លៃអគ្គិសនីនឹងមាន តម្លៃទាបដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់រោងចក្រ និងសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋទូទាំងប្រទេសនឹងចូលរួមអបអរសាទរ ថ្ងៃទិវាបុណ្យឯករាជជាតិ ដែលជាស្នារព្រះហស្ថ របស់អតីតព្រះមហាកត្រកម្ពុជា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលបានយកឯករាជ្យជូនជាតិ និងប្រជាពលរដ្ឋទាំងអស់។ ទន្ទឹមនឹងនេះផងដែស សម្តេចតេជោបានរឹលឹកជាថ្មីម្តងទៀត ថាកម្ពុជានឹង រៀបចំពិធីបុណ្យដ៏ធំមួយដើម្បីដើម្បីសម្ពោធវិមានឈ្នះឈ្នះរំលឹកខួប ២០ឆ្នាំ ដែលមានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៩-៣១ ខែធ្នូ ២០១៨ ខាងមុខនេះ។

ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ

១)ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤)ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។

១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការនៅ ប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋ អាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជា ការខ្មាសអៀនឬអាក្រក់អ្វីទេ។

បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការ ងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់បងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,០៤១) នាក់ផងដែរ៕


ឯកសារផ្លូវការ