ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨

 សៅរ៍, 27 តុលា 2018 12:34  |    Written by MLVT  |  213 times  |   Print  |   Email

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) រៀបចំមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ "ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨" ដែលនាំមកនូវឱកាសការងារគ្រប់ប្រភេទប្រមាណ២ម៉ឺនមុខតំណែងដែលផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗ ១៥៦ ក្នុងបញ្ជរសរុបចំនួន៣០០ រយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៨ នៅអគារពិព័រណ៍កោះពេជ្រចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណកម្មាធិការជាតិបណ្តុះបណ្តាលបានបញ្ជាក់ថា៖“ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិក្នុងឆ្នាំ២០១៨នេះ គឺស្របពេលជាមួយនឹងការចាប់ផ្តើមអាណត្តិថ្មីនៃរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដោយសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបានដោយមានប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត៨៣.២% បានទៅបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ហើយដែលទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ដោយបន្តផ្តោតអាទិភាពខ្ពស់លើការធានាកំណើនសេដ្ឋកិច្ចខ្ពស់, ការបង្កើតឱកាសការងារសម្រាប់យុវជន, ការបែងចែកផលនៃកំណើនដល់គ្រប់ស្រទាប់ប្រជាជននិងការពង្រឹងប្រសិទ្ធភាពក្នុងគោលដៅបម្រើឱ្យបេសកកម្មជាប្រវត្តិសាស្រ្តនៃការដឹកនាំប្រទេសកម្ពុជាឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ពិព័រណ៍នេះ ក៏នឹងរៀបចំផងដែរនូវសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពីផលិតភាពដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាព ការបង្ហាញអំពីវិធីសាស្រ្តបំពេញការងារ គំនិតច្នៃប្រឌិតថ្មី ជំនាញនិងឧបករណ៍បច្ចេកវិទ្យាស្របតាមការវិវត្តនៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មទី៤ ដែលពឹងផ្អែកជាចម្បងលើប្រព័ន្ធឌីជីថលដោយមានការចូលរួមពីសំណាក់វាគ្មិនជាតិអន្តរជាតិល្បីៗ។ លើសពីនេះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវឱកាសដ៏កម្រក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញធនធានមនុស្ស, អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងធុរជនសំខាន់ៗ។”

ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមតាំងបង្ហាញពីសំណាក់ក្រុមហ៊ុន-សហគ្រាស រហូតបានក្លាយជាមហាព្រឹត្តិការណ៍ការងារដែលធំជាងគេប្រចាំឆ្នាំ និងបានទាក់ទាញយុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករចូលរួមដាក់ពាក្យស្វែងរកការងារ និងស្វែងយល់អំពីទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។ ជាក់ស្តែងសម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុន-សហគ្រាសធំៗចំនួន១៥៦នៅក្នុងវិស័យសំខាន់ៗដូចជា៖ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច, ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាលបច្ចេក-ទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជនបានចូលរួមយ៉ាងសកម្ម។ យុវជនសិស្ស-និស្សិត និងអ្នកស្វែងរកការងារទាំងអស់មានឱកាសទទួលបានការងារធ្វើភ្លាមៗ, ការប្រឹក្សាយោបល់អំពីអាជីព, វិធីសាស្ត្រជោគជ័យក្នុងការដាក់ពាក្យស្វែងរកការងារ, ការត្រៀមលក្ខណៈចូលទីផ្សារការងារ និងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយវាគ្មិនល្បីៗដែលទទួលបានជោគជ័យក្នុងអាជីព និងទីផ្សារការងារ។ ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថាមានអ្នកចូលរួមទស្សនាប្រមាណ៣ម៉ឺននាក់ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។

ដូច្នេះដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជកដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័ននិងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការរៀបចំពិព័រណ៍ព្រមទាំងក្រុមហ៊ុន-សហគ្រាសដែលបានឧបត្ថម្ភកម្មវិធីពិព័រណ៍មានដូចជា៖ ធនាគារCanadia PLC, ធនាគារPrince, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAmret, ក្រុមហ៊ុន Beverage Company Ltd (កូកាកូឡា), ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Cambodia Brewery, ក្រុមហ៊ុន Prince Real Estate, ធនាគារភ្នំពេញពាណិជ្ជ, ក្រុមហ៊ុនTrue Money និងជាពិសេសក្រុមហ៊ុន-សហគ្រាសគ្រឹះស្ថានអប់រំបណ្តុះបណ្តាលដទៃទៀតដែលចូលរួមតាំងបង្ហាញយ៉ាងសកម្ម៕