ជំនួបពិភាក្សាការងារពាក់ព័ន្ធសិទ្ធ និងបញ្ហាផ្សេងៗនៅកន្លែងការងារ

 ពុធ, 24 តុលា 2018 10:26  |    Written by MLVT  |  359 times  |   Print  |   Email

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យ លោក Rutger Goerthart អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងអន្តរជាតិនៃក្រុមហ៊ុនស្រាបៀរហេនីហ្គេន ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារពាក់ព័ន្ធសិទ្ធ និងបញ្ហាផ្សេងៗនៅកន្លែងការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

លោក Rutger Goerthart បានសម្តែងការអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានចំណាយពេលវេលាអនុញ្ញាតឲ្យលោក និងក្រុមការងារចូលជួបសម្តែងការគួរសម ដើម្បីស្វែងយកបន្ថែមទៀតអំពីច្បាប់សហជីព សិទ្ធិនៅកន្លែងការងារ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលកន្លងមកបានអនុវត្តបានយ៉ាងល្អពីសិទ្ធិការងាររបស់កម្មករនិយោជិត ដោយគោរពទៅតាមច្បាប់បានយ៉ាងត្រឹមត្រូវ។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានឲ្យក្រុមហ៊ុនពិនិត្យមើលការពង្រឹងថែមទៀតទៅលើកលក្ខខណ្ឌការងារ ចំពោះអ្នកម៉ៅការបន្តដើម្បីរក្សាចង្វាក់ផលិតកម្មនៅក្នុងកុងត្រារបស់ពួកគេ ដើម្បីឲ្យកម្មករនិយោជិតទាំងនោះទទួលបាននូវកិច្ចគាំពារ និងអត្ថប្រយោជន៍ផ្សេងៗដូចជាកម្មករនិយោជិតនៅក្នុងក្រុមហ៊ុនស្រាបៀរហេនីហ្គេននេះដែរ៕