គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញទស្សនកិច្ចស្វែងយល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ព្រហស្បតិ៍, 18 តុលា 2018 19:45  |    Written by MLVT  |  381 times  |   Print  |   Email

នៅក្នុងទស្សនកិច្ចស្វែងយល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាន ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងការងារ ឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍លើកឡើងថា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាពិតជាទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្លា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៏ជម្រាបជូនគណៈកម្មការទី៨ អំពីវឌ្ឍនភាពថ្មីៗដែលក្រសួងបានសម្រេចកន្លងមក ដូចជា ការកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ក្រសួងបានកែសម្រួលបញ្ជីត្រួតពិនិត្យសម្រាប់ចុះធ្វើអធិការកិច្ចការងារ (Checklist) និងការតាក់តែងសៀវភៅណែនាំ (Guideline) សម្រាប់អធិការការងារចុះធ្វើអធិការកិច្ចតាមរយៈប្រព័ន្ធអធិការកិច្ចការងារតែមួយ ដោយបានសិក្សាប្រៀបធៀបនិងបញ្ចូលការអនុវត្តល្អរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅម្ពុជា (BFC) សំដៅពង្រឹងគុណភាពអធិការកិច្ចការងាររបស់អធិការការងារ ក៏ដូចជាពង្រឹងនូវការគោរពលក្ខខណ្ឌការងារ ស្របទៅនឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។ ក្រៅពីការបង្កើតការងារ និងការបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើការលើកកម្ពស់សុខភាពនិងសុវត្ថិភាពការងាររបស់កម្មករនិយោជិត និងការពង្រីករបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារផងដែរ។

ឯកឧត្តម គូសបញ្ជាក់ថា ទាំងនេះ គឺជាសមិទ្ធផលដ៏ជោគជ័យនៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ស្របពេលដែលបញ្ហាប្រឈមមួយចំនួននៅតែត្រូវបានបន្តការយកចិត្តទុកដាក់ដោះស្រាយនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល តាមរយៈការអនុវត្ត “យុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។ ជាមួយគ្នានេះដែរ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ បានធ្វើការកត់សម្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈរបស់ក្រសួង ក្នុងការអភិវឌ្ឍនូវវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅតាមផែនការកំណែទម្រង់៥ចំនុចរបស់ក្រសួងធ្វើឲ្យមានការប្រែប្រួល និងទទួលបានជោគជ័យជាបន្តបន្ទាប់។

ក្នុងនាមប្រធានគណៈកម្មការទី៨ នៅក្នុងអណត្តិថ្មីនេះ លោកជំទាវ រួមជាមួយសមាជិក សមាជិការនៃគណៈកម្មការ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ឲ្យបានរឹងមាំ ដោយយើងរួមគ្នាគិត អនុវត្ត និងទទួលខុសត្រូវចំពោះយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ លោកជំទាវក៏បានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ចាត់មន្ត្រីទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នាឲ្យបានជិតស្និតក្នុងការអនុវត្តការងារជាមួយគណៈកម្មការ ដើម្បីជួយបំពេញឲ្យគ្នាទៅវិញទៅមក។

លោកជំទាវ មានប្រសាសន៏ថា គណៈកម្មការទី៨ ចង់ស្វែងយល់បន្ថែមពីរចនាសម្ព័ន្ធដឹកនាំ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្តកន្លងមក ថាតើមានវឌ្ឍនភាព បញ្ហាប្រឈម និងមានទិសដៅទៅថ្ងៃអនាគតយ៉ាងដូម្តេច ដើម្បីឲ្យគណៈកម្មការ យកទៅកែច្នៃធ្វើជាយុទ្ធសាស្ត្រ បំពេញនូវអ្វីដែលបានសហការជាមួយគ្នាឲ្យមានភាពកាន់តែប្រសើរ។ នៅពេលគណៈកម្មការ បានរៀបចំនូវផែនការយុទ្ធសាស្ត្រហើយ នឹងសុំកិច្ចសហប្រតិបត្តិការពីក្រសួង ដើម្បីយើងចុះទៅអនុវត្តនូវផែនការទំាងអស់នេះរួមគ្នា ដោយគណៈកម្មការគ្រោងនឹងចុះទៅតាមបណ្តារោងចក្រ សហគ្រាស ពិនិត្យមើលលក្ខខណ្ឌការងារ បច្ចេកទេស បរិស្ថាន ជាដើម។ល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកនូវសំណើទាំងនេះពីលោកជំទាវប្រធានគណៈកម្មការ ហើយឯកឧត្តម និងសហការីពេញចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី៨ឲ្យទទួលបានជោគជ័យបន្តទៅទៀត៕