ទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ «បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុខភាព និងសុវត្ថិភាពការងារ»

 ព្រហស្បតិ៍, 04 ឧសភា 2017 19:50  |    Written by MLVT  |  70 times  |   Print  |   Email

នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅអង្គរឃ្យុងយ៉ូ ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីនៅក្នុងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ “បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុខភាព និងសុវត្ថិភាពការងារ”។ អញ្ជេីញចូលរួមក្នុងពិធីនេះរួមមានតំណាងខាងអង្គការអន្តរជាតិខាងការងារ ILO តំណាងសហជីពនិយោជក និងស្ថាប័នដែលពាក់ព័ន្ធមួយចំនួនទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លងមកបានយកចិត្តទុកដាក់ខ្លាំងចំពោះសុវត្ថិភាព និងសុខភាពរបស់កម្មករកម្មការីនី ជាពិសេស បញ្ហាគ្រោះថ្នាក់ការងារដែលកើតមាននៅកន្លែងធ្វើការ និងនៅពេលធ្វើដំណើរទៅបំពេញការងារនៅតាមរោងចក្រនានា ដោយបានបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាព ដែលជាយន្តការត្រីភាគី ដើម្បីរួមចំណែកក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាសគ្រឹះស្ថាន។ ជាងនេះទៅទៀត ក្រសួងក៏បានសហការជាមួយអង្គការអន្តរជាតិខាងការងារជប៉ុន ក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ដែលទាំងនេះនឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ក្នុងកិច្ចការងារគាំពារ សុខភាព និងសុវត្ថភាពរបស់កម្មករ កម្មការីនីទាំងអស់។ ព្រឹត្តការនេះសហការរៀបចំជារៀងរាល់ឆ្នាំរវាងក្រសួង គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ និងអង្គការដៃគូរនានា។