ជំនួបពិភាក្សាការងារជាមួយលោកស្រី Zenda Ofir តំណាងរបស់អង្គការអន្តរជាតិខាងការងារ ILO

 អង្គារ, 02 ឧសភា 2017 21:15  |    Written by MLVT  |  330 times  |   Print  |   Email

នាល្ងាចថ្ងៃទី ០២ខែឧសភាឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទទួលជួបជាមួយលោកស្រី Zenda Ofir តំណាងរបស់អង្គការអន្តរជាតិខាងការងារ ILO ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការវាយតម្លៃកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានការពេញចិត្ត និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Zenda Ofir តំណាងរបស់អង្គការអន្តរជាតិខាងការងារ ILO ក្នុងកិច្ចវាយតម្លៃលើកម្មវិធីការងារសមរម្យនៅកម្ពុជា ហើយស្របពេលគ្នានេះ ឯកឧត្តមមានចិត្តសប្បាយរីករាយ និងគាំទ្រចំពោះការវាយតម្លៃនេះព្រោះកម្ពុជាមានឆន្ទៈក្នុងការអនុវត្តច្បាប់ និងបទដ្ឋាននានាសំដៅលើកស្ទួយ សិទ្ធរបស់កម្មករ នយោជិត និងបង្កើនសមធម៏ក្នុងការទទួលបានសេវាថែទាំសុខភាព ប្រព័ន្ធសន្តិសុខសង្គម និងការអនុវត្តសិទ្ធរបស់បងប្អូនកម្មករ និយោជិត ដើម្បីបង្កើនសុខដុមរមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ស្ថិតក្នុងបរិបទដែលសិទ្ធិសេររីភាពអង្គការវិជ្ជាជីវៈក្នុងប្រទេស យើងកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់ពេល បច្ចុប្បន្ននេះ បានចុះបញ្ជីអង្គការវិជ្ជាជីវៈសរុបចំនួន ៣.៦៣១ ដែលក្នុងនោះសហព័ន្ធសហជីពចំនួន ១០៩ សហជីពមូលដ្ឋាមានចំនួន ៣.៤៩៧សហជីព សហភាពសហជីពមានចំនួន១៧ សហជីព និងសមាគមនិយោជកចំនួន ៨សមាគម។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារកំណើនឆាប់រហ័សនៃចំនួនចុះបញ្ជីរបស់អង្គការវិជ្ជាជីៈនៅកម្ពុជា គឺតម្រូវជាចាំបាច់ឲ្យមានបទប្បញ្ញត្តិ និងវិធាននៃការចុះបញ្ជីឲ្យកាន់តែច្បាស់លាស់ ដើម្បីធានាឲ្យបានការ ចុះប្រកបដោយភាពត្រឹមត្រូវ និងការគ្រប់គ្រងនិទិន្នន័យអង្គការវិជ្ជាជីវៈមួយដែលមានសុក្រឹតភាព។ គួរបញ្ជាក់ផងដែរថា កម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យចំនួន៤ លើករួចមកហើយ ដែលលើទី១ នៅឆ្នាំ២០០៨ដល់២០១០ លើកទី២ ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ លើកទី៣ ពីឆ្នាំ ២០១៥ដល់២០១៦ និងលើកទី៤ ពីឆ្នាំ២០០៦ដល់ ២០១៨ ហើយកម្មវិធីការងារសមរម្យឆ្នាំ២០០៦-២០១៨ ត្រូវបានចុះហត្ថលេខាពីតំណាងត្រីភាគីដែលកម្មវិធីនេះផ្តោតលើអទិភាពចនួន៣រួមមាន៖ ១.ការធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ២.ការលើកកម្ពស់បរិយាកាសអំណោយផលដើម្បីកំណើនការងារសមរម្យ និងសហគ្រាសប្រកបដោយចីរភាព ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្សវ័យក្មេង ៣.ការពង្រឹង និងធ្វើអោយប្រសើរឡើងនូវកិច្ចគាំពាសង្គម រួមទាំងសុខភាព និងសុវត្ថិភាពការងារ។ ថ្លែងនៅក្នុងឱកាសនេះ លោកស្រី Zenda Ofir បានសម្តែងនូវអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់យោបល់ និងពន្យល់ពីស្ថានភាពព្រមទាំងចក្ខុវិស័យរបស់កម្ពុជានៅក្នុងវិស័យការងារយ៉ាងលំអិត ហើយលោកស្រីបានបន្តថា កម្ពុជានិងអង្គការអន្តរជាតិខាងការងារ បានសហការជាដៃគូរជាមួយគ្នាជាយូរមកហើយ ហើយការផ្តល់ជំនួយបច្ចេកទេសនានាគឺគួរតែមានការយល់ពីបរិបទនៅក្នុងស្រុក និងទស្សនវិស័យរបស់ប្រទេសផងដែរ។ លោកស្រី Zenda Ofir សង្ឃឹមយ៉ាងមុតមាំថាការវាយតម្លៃនេះកំរិតខ្ពស់នេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ភាគីដែលពាក់ព័ន្ធ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់លោកស្រី ដែលបានជួយគាំទ្រដល់វិស័ការងារនៅកម្ពុជា ហើយឯកឧត្តមបានអំពាវនាវឱ្យអង្គការអន្តរជាតិខាងការងារ ILO បន្តជួយគាំទ្រនិងធ្វើជាដៃគូរល្អជាមួយកម្ពុជា ព្រមទាំងជួយបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាធ្វើយ៉ាងណាឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ បើទោះជាគម្រោងត្រូវបានបញ្ចប់ក៏ដោយ។ ឯកឧត្តមក៏បានជម្រុញឱ្យមន្ត្រីរបស់ខ្លូន ព្យាយាមរៀនសូត្រដកស្រង់បទពិសោធន៍ដើម្បីក្រេបយកចំណេះដឹងអោយបានច្រើនតាមដែលអាចធ្វើទៅបាន។