កិច្ចពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន

 ពុធ, 26 មេសា 2017 21:01  |    Written by MLVT  |  118 times  |   Print  |   Email

នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ ដដែលនេះ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន ដើម្បីសិក្សាអំពីកិច្ចសហប្រតិបត្តិការលើកម្មវិធីសិក្សាលើមុខជំនាញអេឡិចត្រូនិច និងព័ត៌មានវិទ្យានៅទីក្រុង Beihai ប្រទេសចិន ។ មានប្រសាសន៍នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ គណៈប្រតិភូទាំង៦រូបដឹកនាំដោយ លោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន ដែលបានធ្វើដំណើរទស្សនកិច្ចនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាឱកាសនេះ។ ឯកឧត្តមបណ្ឌិតក៏បាន សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនិងភាពជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាយូរមកហើយរវាងកម្ពុជា និងចិន។ ប្រទេសកម្ពុជានិងប្រទេសចិនកំពុងស្ថិតនៅក្នុងស្ថានភាពដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយកម្ពុជាបានចាត់ទុកចិនជាមិត្តយុទ្ធសាស្រ្ត។ ជាងនេះទៅទៀត ឯកឧត្តមក៏បានថ្លែងការកោតសរសើរចំពោះប្រទេសចិនផងដែរ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក្លាយខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២។ ថ្លែងក្នុងជំនួបទ្វេភាគីនោះ លោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋលេខាធិការទាំងអស់ដែលបានចំណាយពេលវេលា យ៉ាងមមាញឹកនិងមានតម្លៃក្នុងការជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ និងគណៈប្រតិភូទាំង៦នាក់ទៀត។ នាឱកាសនោះ លោកសាស្ត្រចារ្យបានស្នើរសុំឲ្យមានកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យលោក និងក្រសួងការងារកម្ពុជាចំនួន ៥ចំនុចដូចខាងក្រោម៖

១).កិច្ចសហប្រតិបត្តិការលើកម្មវិធីសិក្សានៅទីក្រុងប៉េហាយ កំណត់មូលដ្ឋាននៃកម្មវិធីសិក្សាសម្រាប់សិស្ស និស្សិតអន្តរជាតិនៅទីក្រុងប៉េហាយ តំបន់ស្វ័យតគ័ងស៊ី នៃប្រទេសចិន។

២).ការអញ្ជើញថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមវេទិការ និងការតាំងពិព័រណ៌ស្តីពី “CHINA-ASEAN VOCATIONAL EDUCATION”។

៣).ពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើ តកម្មវិធីបណ្តុះបណ្តាលដែលមានការទទួលស្គាល់រួមគ្នា (Jointly degree program) នៅប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) ។

៤).ពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើត Electronic and Telecommunication Vocational Identification Service Centre ។

៥). ពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើត Innovation Center នៅប្រទេសកម្ពុជាជាចុងក្រោយ ឯកឧត្តមបណ្ឌិតក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន ដែលជានិច្ចកាលតែងតែ សហការជាដៃគូរល្អ និងជួយគាំទ្រដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមបណ្ឌិតបានយល់ព្រមជាមួយនឹងការស្នើរសុំឲ្យមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន និងក្រសួងការងារ ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣៩ ហើយភាគីចិនអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានណាមួយក៏បានក្នុងចំណោមនោះ។ ឯកឧត្តមបណ្ឌិតសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការទាំង៥ រវាងសាកលវិទ្យាល័យ Guilin និងក្រសួងការងារខាងលើនេះ ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាពរវាង គ្នានិងគ្នាកាន់តែជិតស្នឹទ្ធ ជាពិសេសរីកចម្រើនលើគ្រប់វិស័យ។