ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់ស្តីពីសហជីព» ដល់និយោជក នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា

 ច័ន្ទ, 19 ធ្នូ 2016 10:30  |    Written by MLVT  |  703 times  |   Print  |   Email

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ម៉ម វណ្ណ: រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ច្បាប់ស្តីពីសហជីព" ជូនដល់និយោជក នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីទទួលបានចំណេះដឹងបន្ថែម និងចូលរួមផ្លាស់ប្តូរមតិយោបល់ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីពឱ្យមានប្រសិទ្ធភាព ជាពិសេសគឺការចុះបញ្ជីអង្គការវិជ្ជាជីវៈ។ សូមរំលឹកថា ច្បាប់ស្តីពីសហជីពត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។ ច្បាប់ស្តីពីសហជីពនេះ មានគោលបំណង ទី១-ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត ទី២-ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ទី៣-ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤-រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងទី៥-បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា។ រាជរដ្ឋាភិបាលចាត់ទុកបណ្តាសហជីព និងសមាគមនិយោជកទាំងអស់ជាដៃគូសង្គម ហើយអង្គការវិជ្ជាជីវៈនេះ ក៏បានចូលរួមចំណែកក្នុងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងលើកកម្ពស់ការអភិវឌ្ឍជាតិ។ ដើម្បីធានាបាននូវការចុះបញ្ជីសហជីព និងសមាគមឱ្យកាន់តែមានភាពច្បាស់លាស់ និងល្អប្រសើរជាងមុន ក្រសូងបានចេញប្រកាសចំនួន០៤ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីសហជីពនេះ ជាពិសេស គឺការចុះបញ្ជីសហជីព និងសមាគមនិយោជកស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីសហជីព ដូចខាងក្រោម៖

១) ប្រកាសលេខ២៤៩ ក.ប/ប្រ.ក ស្តីពីការចុះបញ្ជីសហជីព និងសមាគមនិយោជក

២) ប្រកាសលេខ២៥០ ក.ប/ប្រ.ក ស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព

៣) ប្រកាសលេខ២៥១ ក.ប/ប្រ.ក ប្រកាសស្តីពីនីតិវិធីធ្វើឧបាស្រ័យលើចំណាត់ការរបស់មន្ត្រីដែលទទួលបានប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព

៤) ប្រកាសលេខ៣៦២ ក.ប/ប្រ.ក ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការធ្វើបណ្តឹងអំពីវិវាទការងាររួម និងចេញលិខិតទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា ជាការសម្រួលដល់ដំណើរការកិច្ចការរដ្ឋបាលផ្ទៃក្នុងក្រសួង ក្រសួងក៏បានសម្រេចធ្វើប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ក៏ដូចជាការចុះបញ្ជីសហជីពជាដើម ដល់អង្គភាពថ្នាក់ក្រោមជាតិ គឺមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ដូចដែលបានកំណត់នៅក្នុងប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព និងប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការធ្វើបណ្តឹងអំពីវិវាទការងាររួម និងចេញលិខិតទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា។ ស្របតាមចំណាត់ការនេះ ក្រសួងជឿជាក់ថា ប្រព័ន្ធចុះបញ្ជីអង្គការវិជ្ជាជីវៈនឹងភាពងាយស្រួល និងច្បាស់លាស់ ដែលអាចឆ្លើយដល់តម្រូវការរបស់បងប្អូនកម្មករនិយោជិត និងនិយោជកទាំងអស់។