ពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់​គ្នាស្តីពីកិច្ច​សហប្រតិបត្តិការលើវិស័យការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

 ពុធ, 14 ធ្នូ 2016 19:42  |    Written by MLVT  |  101 times  |   Print  |   Email

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម រ៉ូឌ្រីហ្គោ រ៉ូអា ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៦ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម PERFECTO. R YASAY, JR រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រ៉ូឌ្រីហ្គោ រ៉ូអា ឌូតឺតេ ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព។ អនុស្សរណៈនេះ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសទាំងពីរនៅក្នុងវិស័យការងារ ដូចខាងក្រោម៖

ក. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សាជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានារួមទាំងការសិក្សាលើវិស័យការងារ មុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុខភាពនិងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។

ខ. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។

គ. ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។

ឃ. ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

ង. រៀបចំឱ្យមានការខិតខំរួមគ្នាក្នុងការលើកកម្ពស់ និងការការពារដល់សុខុមាលភាព និងសិទ្ធិនៃពលករទេសន្តរប្រវេសន៍ ដោយរួមទាំងការផ្តល់នូវសេវាជំនួយផែ្នក ច្បាប់ដល់ពលករទេសន្តរប្រវេសន៍។

ច. កិច្ចសហប្រតិបត្តិការជាមួយប្រទេសបញ្ជូន និងទទួលកម្លាំងពលកម្ម លើការលើកកម្ពស់ និងការការពារសុខុមាលភាព និងសិទ្ធិពលករទេសន្តរប្រវេសន៍។

ឆ. ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទៅតាមការព្រមព្រៀងគ្នាដោយភាគីទាំងពីរ រួមទាំងការទទួលបាននូវរបបសន្តិសុខសង្គម ដែលជាផ្នែកនៃការគោរពជាទូទៅដល់សិទ្ធិមនុស្សជាមូលដ្នាន នៃពលករទេសន្តរប្រវេសន៍។