ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម

 Thursday, 19 August 2021 13:35  |    Written by MLVT  |  4613 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។ 

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចំនួន ២៦នាក់ (ស្រី ១០នាក់) មុនពេលចេញដំណើរទៅបំពេញការសិក្សារៀនសូត្រនៅពេលខាងមុខ តាមរយៈប្រព័ន្ធវីដេអូZOOM នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ 

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថា ដូចដែលយើងគ្រប់គ្នាបានដឹងហើយ ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ បញ្ហាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់គិតគូរ អត់ធ្មត់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅ និងរៀនសូត្រ មិនថាស្ថិតនៅក្នុងបរិបទណានោះទេ ជាពិសេសជំងឺកូវីដ-១៩ បានកំពុងវាយឡុកយ៉ាងសកម្មមកលើសុខភាព និងអាយុជីវិតរបស់មនុស្សជាតិលើពិភពលោក កត្តានេះហើយ ដែលតម្រូវឲ្យក្មួយៗដែលបានចេញទៅបន្តការសិក្សាក្នុងពេលដ៏ខ្លីខាងមុខនេះ គួរគប្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ និងការការពារខ្លួនពីជំងឺនេះកុំឲ្យវាមកបៀតបៀនមកលើខ្លួនយើងបានឲ្យសោះ។ 

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្តី្រ ក៏បានលើកឡើងពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យស្នូលដ៏សំខាន់មួយដែរ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ក្នុងនោះមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួង បានខិតខំបំពេញតួនាទីធ្វើយ៉ាងណាឲ្យគ្រប់ភាគីពាក់ព័ន្ធទទួលបាននូវសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងភាពសុខសាន្តជាមួយគ្នា។   

ឯកឧត្តមបន្តថា ការឈានទៅយកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗនាពេលនេះជាការសំខាន់ណាស់ ព្រោះថាការសិក្សានៅប្រទេសជប៉ុនពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដែលក្មួយៗត្រូវតែយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសយើងវិញនាពេលខាងមុខ។ 

ក្រៅពីសិក្សាជំនាញ ក្មួយៗក៏ត្រូវស្រាវជ្រាវបទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថានៅជប៉ុនមានការគោរពគ្នា យ៉ាងល្អ ជាពិសេសរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។

ក្មួយៗទាំងអស់គ្នា ត្រូវតែត្រៀមខ្លួនសម្រាប់ការងាររស់នៅក្នុងប្រទេសមួយនេះ ក្រៅពីរៀនសូត្រអ្នកទាំងអស់គ្នាគឺជាទូតសុឆន្ទៈរបស់កម្ពុជាផងដែរ ដែលត្រូវតែបង្ហាញពីសកម្មភាពល្អៗ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុនក៏ដូចជាប្រជាជាតិដទៃទៀត ដែលក្មួយៗបានជួប និងរស់នៅក្នុងពេលសិក្សានៅក្នុងប្រទេសនោះ។ ម៉្យាងទៀតត្រូវតែសិក្សាពីបរិយាកាសសេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាផងដែរ។

ផ្អែកលើបទពិសោធន៍ដែលកម្ពុជាយើងបានឆ្លងកាត់ការកសាងប្រទេសក្នុងរយៈពេលកន្លងមកនេះ សុខសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំធានាបាន ធ្វើឲ្យមានភាពរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច សង្គម ធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជាកាន់តែមានការរីកច្រើនជាលំដាប់ រួមទាំងការកសាងធនធានមនុស្សដែលប្រទេសជាមិត្តបានផ្តល់ដល់យុវជនកម្ពុជាទៀតផង។ 

គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Huma Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតចំនួន ៤៤២ នាក់ ទៅសិក្សានៅប្រទេសជប៉ុន។ក្នុងឆ្នាំ២០២០នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦នាក់ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២នាក់ ទទួលបានថ្នាក់បណ្ឌិត និង ២៤នាក់ ទទួលបានថ្នាក់អនុបណ្ឌិត ដែលការសិក្សានឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយការចេញដំណើរកំពុងស្ថិតក្រោមការសម្របសម្រួលរបស់ភាគីជប៉ុន៕