ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិក មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 Monday, 05 April 2021 11:47  |    Written by MLVT  |  417 times  |   Print  |   Email

(ភ្នំពេញ)៖ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សហការជាមួយ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រុងទ្រោយធំទូទាំងប្រទេស ដោយពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាពនៃការចាក់វ៉ាក់សាំង ចូលរួមទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួននិងក្រុមគ្រួសារ កុំឲ្យឆ្លងកូវីដ-១៩។ 

នៅក្នុងយុទ្ធនាការនេះ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានត្រៀមចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពជាង៧៤ម៉ឺននាក់ សម្រាប់ដូសទី១នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាប់ផ្ដើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ដោយឡែក សម្រាប់បុគ្គលិក មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ បានត្រៀមខ្លួនរួចជាស្រាច់ក្នុងការទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទាល់តែម្តង ។ 

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ 

ក្នុងឱកាស អញ្ជើញចុះពិនិត្យមើល យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទរបស់ក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សដែលជួយបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ទៅហើយ។ 

ឯកឧត្តមបណ្ឌិត អុិត សំហេង លើកឡើងបន្តថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បីកុំឲ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលក្នុងសង្គមរបស់យើង ដែលធ្វើឲ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។ 

ជាមួយគ្នានេះដែរ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងនៃជំងឺកូវីដ-១៩ កាត់បន្ថយលើផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕