ក្រសួងការងារកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ តាមរយៈប្រព័ន្ធវីដេអូ

 Wednesday, 10 March 2021 12:19  |    Written by MLVT  |  1100 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដែលរៀបចំដោយគណៈកម្មាធិការអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) និងបណ្តាញអង្គការសហប្រជាជាតិថ្នាក់តំបន់សម្រាប់ទេសន្តរប្រវេសន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២១។ 

កិច្ចប្រជុំមានគោលបំណងផ្តោតជាសំខាន់លើ៖

- ការពិនិត្យមើលវឌ្ឍនភាពរួម ដែលសម្រេចបាន ទាក់ទងនឹងការអនុវត្តគោលដៅទាំង២៣ នៃកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

- ការកំណត់បញ្ហាប្រឈម ឱកាស គម្លាត និងបញ្ហាដែលលេចឡើង ព្រមទាំងការអនុវត្តល្អៗ និងបទពិសោធន៍ទទួលបាន ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់

- ការពិភាក្សាអំពីចំណុចអាទិភាព និងវិស័យសក្តានុពលក្នុងតំបន់ សម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ស្តីពីទេសន្តរប្រវេសន៍អន្តរជាតិ ដោយស្របនឹងចក្ខុវិស័យ និងគោលការណ៍ណែនាំនៃកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់

- ការប្រមូលធនធាន ការកសាងសមត្ថភាព អនុសាសន៍គោលនយោបាយ ទិន្នន័យ បច្ចេកវិទ្យា និងដៃគូ ដែលត្រូវការសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ឱ្យបានពេញលេញទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់

- ការបង្កើតចំណុចអាទិភាព ដែលផ្អែកលើការសិក្សាស្រាវជ្រាវ និងអនុសាសន៍ ដើម្បីផ្តល់ជាព័ត៌មាន សម្រាប់វេទិកាអន្តរជាតិស្តីពីការពិនិត្យមើលឡើងវិញទេសន្តរប្រវេសន៍ឆ្នាំ២០២២។ 

ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមអនុវត្តកតិកាសញ្ញាខាងលើ និងក្នុងបំណងកសាងជីវភាពដោយចីរភាព កាត់បន្ថយហានិភ័យនៅក្នុងទេសន្តរប្រវេសន៍ការងារ ឆ្លើយតបនឹងកង្វល់នានាដោយការប្រែប្រួលនានា និងបង្កើតលក្ខខណ្ឌអំណោយផលពលករចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការជាតិមួយចំនួនសម្រាប់ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ក្នុងគោលបំណងធានាឱ្យបានថា៖

- ទេសន្តរប្រវេសន៍ការងារគឺត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ស្របច្បាប់ សុវត្ថិភាព និងរៀបរយ

- ពលករទេសន្តរប្រវេសន៍ត្រូវបានការពារតាមរយៈអភិបាលកិច្ច ទេសន្តរប្រវេសន៍ការងារដែលផ្អែកទៅលើសិទ្ធិ និងវិធានការគ្រប់គ្រងព្រំដែន

- សមាហរណកម្ម និងការរួមចំណែករបស់ពលករទេសន្តរប្រវេសន៍ទៅនឹងការអភិវឌ្ឍន៍ត្រូវបានគាំទ្រ

- ការតស៊ូមតិ និងកិច្ចសហប្រតិបត្តិការជាសាធារណៈ សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ត្រូវបានពង្រឹង៕