ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត អុិត សំហេង ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

 សៅរ៍, 06 វិច្ឆិកា 2021 17:50  |    Written by MLVT  |  1629 times  |   Print  |   Email

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានទទួលមរណភាព នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលនេះជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាឥស្សរជនដ៏ឆ្នើមដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន ជាពិសេសចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់។

ឯកឧត្តមបណ្ឌិត អុិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សពឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕