ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

អគ្គរាជទូតអូស្ត្រាលី ចូលជួបរដ្ឋមន្ត្រីការងារកម្ពុជា ដើម្បីជម្រាបជូនពីគម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម

 ច័ន្ទ, 27 កញ្ញា 2021 14:22  |    Written by MLVT  |  2854 times  |   Print  |   Email

 (ភ្នំពេញ)៖ អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ឯកឧត្តម Pablo Chiho Kang នាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានចូលជួបឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជាលើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ 

នាឱកាសនោះ ឯកឧត្តមអគ្គរាជទូត បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលអូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី។ ឯកឧត្តមទូតបញ្ជាក់ថា ទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហរដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ានត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានបង្ហាញនូវក្តីរីករាយក្រៃលែង ដែលទទួលបានព័ត៌មាន ដែលថារដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម ដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះ ក៏មានកម្ពុជាផងដែរ។ សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលកំពុងត្រូវការពលករទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេសាទនិងជលផល និងឧស្សាហកម្មធនធានដើមនេះ ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អជូនដល់និយោជករបស់អូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យឯកឧត្តមអគ្គរាជទូត ពិចារណារផ្តល់ឱកាសជូនដល់ពលករកម្ពុជាបានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលីពិចារណាក្នុងការបើកឱកាសជូនដល់ពលករកម្ពុជាទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី។  

 

នាជំនួបនេះ ភាគីទាំងពីរបានពិភាក្សាការងារ និងចែករំលែកព័ត៌មានពីនីតិវិធី យន្តការ និងប្រព័ន្ធគ្រប់គ្រងពលករ ទាំងក្នុងយន្តការជ្រើសរើស បញ្ជូន និងគ្រប់គ្រង ដែលអាចធានាបាននូវការបង្កជាហានិភ័យ ឬការបោកបញ្ឆោតកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ជាដើម។ ភាគីអូស្រ្តាលី បារម្ភខ្លាចក្រែងមានជនឱកាសនិយមយកព័ត៌មាននេះទៅបំភ្លៃការពិត ហើយបោកបញ្ឆោតពលករកម្ពុជា ក្នុងពេលដែលអូស្ត្រាលីមិនទាន់អនុញ្ញាតជាផ្លូវការឱ្យកម្ពុជាបញ្ជូនបាននៅឡើយ។ 

ស្ថានទូតក៏មានការពេញចិត្តណាស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញសេចក្តីជូនដំណឹងដើម្បីទប់ស្កាត់មិនឱ្យមានការបោកប្រាស់ពលករកម្ពុជាដែលថា អូស្ត្រាលីបានផ្តល់ទិដ្ឋការការងារទៅធ្វើការខាងផ្នែកកសិកម្ម ដោយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់ការចរចា ដើម្បីបើកឱកាសការងារនេះ។ 

 

ខាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នឹងបន្តការងារជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ស្នើសុំទៅទីក្រុងកង់បេរ៉ា ធ្វើការពិនិត្យសម្រេច។ 

ក្រោយបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រី មិនភ្លេចថ្លែងអំណរគុណជូនដល់រដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ទាំងជំនួយជាហិរញ្ញវត្ថុ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស រួមនិងកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តផងដែរ ជូនដល់ពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយរំពឹងថា ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-អូស្ត្រាលី នៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយគ្នាទៅមុខទៀតជានិរន្ត។ 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីអូស្រ្តាលីនឹងផ្តល់ឱកាសការងារនេះជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាកម្ពុជាបានរៀបចំបានយ៉ាងល្អនូវលិខិតបទដ្ឋាន គោលនយោបាយ និងយន្តការច្បាស់លាស់ ដែលជាប្រព័ន្ធគ្រប់គ្រងមួយយ៉ាងល្អក្នុងការធានាបាននូវការជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករ មិនឱ្យមានការរំលោភបំពានសិទ្ធិ និងអត្ថប្រយោជន៍ ហើយអាចទប់ស្កាត់បាននូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម។

 

សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ អូស្រ្តាលីត្រូវការជ្រើសរើសពលករផ្នែកកសិកម្ម នេសាទនិងជលផល និងឧស្សាហកម្មធនធានដើម។ គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នានឹងគម្រោងការងារប៉ាស៊ីហ្វីក(Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី អាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំ ក្រោមការទទួលបន្ទុកដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៕