ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សារធាតុអាសបេស្តុស ជាឃាតកលាក់មុខ វាវិវត្តន៍យឺតៗក្នុងរយៈពេលជាច្រើនឆ្នាំ ភាគច្រើន នៅក្នុងសួត និងផ្នែកផ្សេងទៀតនៃរាងកាយមនុស្ស

 អង្គារ, 31 សីហា 2021 10:41  |    Written by MLVT  |  4578 times  |   Print  |   Email

(ភ្នំពេញ)៖ សារធាតុអាសបេស្តុស ជាសារធាតុរ៉ែមួយប្រភេទធ្វើឱ្យផលិតផលមានគុណភាព ជាពិសេសគឺ ស្វិត រឹង ហើយតម្លៃថោកអាចទទួលយកបាន ក៏ប៉ុន្តែការប្រឈមនឹងសារធាតុអាសបេស្តុសអាចធ្វើឲ្យមានជំងឺ ដូចជា មហារីកសួត ហើយជាញឹកញាប់ សារធាតុនេះត្រូវបានគេហៅថា ជាឃាតកលាក់មុខ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីចូលមកបំផ្លាញសុខភាពរបស់អ្នកដែលបានប៉ះពាល់ រឺក៏ទទួលរងឥទ្ធិពលពីសារធាតុអាសបេស្តុសនេះ ដែលភាគច្រើន វាវ៉ៃឡុកចូលទៅក្នុងសួត និងផ្នែកផ្សេងទៀតនៃរាងកាយមនុស្ស។

 

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពី សារធាតុអាសបេស្តុស នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសសមាសភាពនៃក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពី សារធាតុអាសបេស្តុស នៅកម្ពុជា ដែលរៀបចំឡើង ក្រោមកិច្ចសហការជាមួយអង្គការILO/Japan តាមរយៈគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ និងអង្គការ អាហ្វីដា ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូZoom នាព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១។ 

 

ឯកឧត្តមបណ្ឌិត អុិត សំហេង បានបញ្ជាក់ថា ក្នុងវិស័យឧស្សាហកម្មការប្រើប្រាស់ធនធានវត្ថុធាតុដើម គឺវាតែងតែ មានមុខពីរ៖ ទី១ វាអាចបង្កើតនូវផលិតផល ឬក៏ធ្វើឱ្យផលិតផលកាន់តែមានគុណភាពសម្រាប់ការប្រើប្រាស់ ឬកាន់តែមានប្រសិទ្ធភាព ប៉ុន្តែមួយមុខទៀត បើយើងប្រើប្រាស់វា មិនបានប្រុងប្រយ័ត្នទេ វានឹងបង្កើតហានិភ័យសម្រាប់មនុស្ស មិនត្រឹមតែកម្មករនិយោជិតអ្នកផលិតទេ អ្នកប្រើប្រាស់ និងអ្នកជុំវិញក៏អាចជាអ្នកមានគ្រោះថ្នាក់ដែរ ។ 

 

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា យើងទាំងអស់គ្នាប្រហែលជាដឹងថាក្នុងពិភពលោកយើងនេះទស្សនៈរួមមិនទាន់មានការឯកភាពគ្នាទាំងស្រុងចំពោះបញ្ហានេះ នៅមាន១ផ្នែក ជាអ្នកផលិត និងប្រើប្រាស់ និងមួយផ្នែកទៀតជាអ្នកឈប់ផលិត និងទប់ស្កាត់ ហើយទស្សនទាននោះ វាមានឥទ្ធិពលទៅគ្រប់ទីកន្លែង ហើយនៅកម្ពុជាអ្នកដឹងបញ្ហានេះមានតិចគ្នា នៅឡើយ។ ដូច្នេះ ក្រុមការងារយើង មានតួនាទីសំខាន់ណាស់ដើម្បីចងក្រងប្រមូលព័ត៌មានទាំងអស់ ហើយផលប្រយោជន៍យ៉ាងម៉េច? ផលប៉ះពាល់យ៉ាងម៉េច? គ្រោះថ្នាក់យ៉ាងម៉េចក្នុងការប្រើប្រាស់?។

 

 

ហើយកន្លងមក សារធាតុអាសបេស្តុស វាប្រើទៅលើក្បឿង ហ្វ៊ីប្រូ បើធ្វើក្បឿងធម្មតាមិនប្រើសារធាតុអាសបេស្តុសវាក្រាស់ ហើយកម្លាំងសង្កត់ឆាប់បាក់ផុយ ដូច្នេះអ្នកផលិតចូលចិត្តប្រើវាជាងដើម្បីធ្វើយ៉ាងណាធានាបាននូវគុណភាព និងការប្រកួតប្រជែង នៅក្នុងទីផ្សារ។ កន្លងមកកម្ពុជាមានកន្លែងធ្វើ ហ្វ៊ីប្រូដែរ តែបើតាមរបាយការណ៍ក្នុងកម្រងព័ត៌មានជាតិលើកទី១របស់យើង ការផលិតនេះមិនមានប្រើអាសបេស្តុសទេ តែមានការនាំចូលមកកម្ពុជា ហេតុនេះយើងត្រូវតែប្រមូលព័ត៌មានបន្ថែម។ ឯកឧត្តមប្រធាន បានលើកឡើងថា៖ “នៅប្រទេសមួយចំនួន ខ្ញុំបានទៅមើលឃើញមានប្រើ តែគេប្រើយ៉ាងប្រុងប្រយ័ត្នមែនទែន សូម្បីកន្លែងទុកដាក់ ក៏ជាកន្លែងទុកដាក់ដែលពិសេស គេដាក់ក្នុងបាវជិត ហើយមានហ៊ុមបាំងដោយវាំងនន ហើយមិនយកមនុស្សទៅប៉ះពាល់វាបានទេ ប្រើសុទ្ធតែគ្រឿងយន្ត នេះជាបញ្ហាមួយដែលយើងត្រូវតែប្រុងប្រយ័ត្ន”។ 

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ APHEDA ចំពោះគំនិតផ្តួចផ្តើម និងអង្គការILO ដែលបានសហការគាំទ្រចំពោះសុខភាពសាធារណៈ។ យើងចាប់ផ្តើមថ្ងៃនេះក្នុងកម្រិតជាក្រុមការងារចងក្រង និងប្រមូលព័ត៌មាន ហើយការចងក្រងប្រមូលព័ត៌មានរបស់យើងទិសដៅទៅអនាគតដោយសារតែកិច្ចការនេះ មិនមែនតែស្ថាប័នមួយទេដែលត្រូវដោះស្រាយបាន មិនមែនក្រសួងការងារតែមួយ ឬស្ថាប័នណាមួយជាអ្នកធ្វើដាច់តែឯងបានទេ គឺត្រូវរៀបចំជាលិខិតបទដ្ឋានគតិយុត្តអ្វីមួយរបស់រាជរដ្ឋាភិបាលសម្រាប់គ្រប់គ្រងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។

ឯកឧត្តម បន្តថា៖ “ក្រសួងការងារធ្វើរឿងនេះ គឺដើម្បីគិតពីសុវត្ថិភាពសម្រាប់រយៈពេលវែង សម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទៅមុខ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងគិតគូពីបញ្ហាសុខភាព បញ្ហាការបង្ការ គ្រោះថ្នាក់ការងារសព្វបែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មរបស់ជាតិយើងក្លាយជាសក្តានុពលជាតិរបស់យើងសម្រាប់អនាគត ហើយបញ្ហាធនធានមនុស្សជាអាទិភាពទី១”។ 

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងារ និងអង្គការដៃគូអភិវឌ្ឍនានា ដែលបានរួមសហការគាំទ្រយ៉ាងសកម្ម ក្នុងរយៈពេលកន្លងមក រហូតចេញបានជារូបរាងសៀភៅកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសលើកទីមួយ ដែលទាំងនេះជាការរួមចំណែកធ្វើឱ្យយើងសម្រេចបានជោគជ័យស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

សូមជម្រាបជូនផងដែរថា សារធាតុអាសបេស្តុស ឃើញមាននៅក្នុងវិស័យឧស្សាហកម្មខុសៗគ្នា នៅក្នុងប្រទេសដែលគេអនុញ្ញាតឱ្យប្រើប្រាស់។ ជាឧទាហរណ៍នៃប្រភេទផលិតផលមួយចំនួនដែលផ្ទុកអាសបេស្ដុស រួមមាន៖ សន្លឹកសម្ភារហ្វីប្រូស៊ីម៉ង់ត៍ និងសម្ភារសំណង់ផ្សេងទៀត, ប្រព័ន្ធការពារកំដៅ និងប្រព័ន្ធការពារស្រូបសំឡេង, ឧបករណ៍ពន្លត់អគ្គីភ័យ, អ៊ីសូឡង់(Insulation), កំរាលឥដ្ឋជាតិផ្លាស្ទិក, វិស័យវាយនភណ្ឌ, សម្ភារដែលងាយរងការកកិត (ហ្វ្រាំងរថយន្ត), ទ្រនាប់ (ឡចំហាយ) និងសម្ភារសម្រាប់វេចខ្ចប់ ជាដើម៕