ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កិច្ចប្រជុំរវាងតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង ជាមួយទីប្រឹក្សាបច្ចេកទេស និងអ្នកគ្រប់គ្រងគម្រោង ILO/Japan OSH Project

 ច័ន្ទ, 04 តុលា 2021 15:01  |    Written by MLVT  |  1876 times  |   Print  |   Email

នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ១០២១ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/Japan OSH Project) បានរៀបចំកិច្ចប្រជុំរវាងតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង ជាមួយទីប្រឹក្សាបច្ចេកទេស និងអ្នកគ្រប់គ្រងគម្រោង ILO/Japan OSH Project ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង (Chair of PAB) តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានពេទ្យការងារ និងតំណាងភាគី ILO/Japan OSH Project។ 

កិច្ចប្រជុំនេះមានគោលបំណង៖ 

១-ណែនាំទីប្រឹក្សាបច្ចេកទេស និងអ្នកគ្រប់គ្រងគម្រោងថ្មីនៃគម្រោង ILO/Japan OSH Project ដល់ភាគីរាជរដ្ឋាភិបាលកម្ពុជា  

២-ពិនិត្យមើលលើវឌ្ឍនភាពនៃសកម្មភាពការងាររបស់គម្រោងដែលទទួលបាន 

៣-ពិនិត្យមើលលើលទ្ធភាពដែលអាចឈានទៅសម្រេចបាននូវការអនុម័តឯកសារគោលសំខាន់ៗផ្សេងទៀត ស្តីពីសុវត្ថិភាព និសុខភាពការងារ។​

ថ្លែងនាឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានជួយគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:កន្លងមក តាមរយៈគម្រោង ILO/Japan OSH Project និងស្វាគមន៍ចំពោះលោក Yasuo Ariga ដែលបានទទួលភារកិច្ចជាអ្នកគ្រប់គ្រងគម្រោងថ្មី។ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ មានសង្ឃឹមថារដ្ឋាភិបាលជប៉ុន នឹងបន្តជួយគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារ នៅក្នុងប្រទេសកម្ពុជាបន្តទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានស្នើដល់គម្រោង ILO/Japan OSH Project ពិចារណាជាមួយរាជរដ្ឋាភិបាលជប៉ុនក្នុងការបន្តរយៈពេលអនុវត្តគម្រោង ក៏ដូចជាបន្តជួយឱ្យគម្រោងមានវគ្គបន្តទៀត ដើម្បីមានការសហការផងដែរជាមួយភាគីកូរ៉េដែលបាននឹងកំពុងចាប់ផ្តើមជួយកម្ពុជាក្នុងការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា។

ជាការឆ្លើយតបនាឱកាសនោះ លោក Yasuo Ariga បានថ្លែងអំណរគុណដល់ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ឯកឧត្តមប្រធាននាយកដ្ឋានពេទ្យការងារ និងសហការីដែលបានសហការយ៉ាងជិតស្និទ្ធជាមួយគម្រោង ILO/Japan OSH Project សម្រេចបាននូវសមិទ្ធផលនានាកន្លងមក ព្រមទាំងទទួលនូវសំណើដែលបានស្នើយកទៅពិចារណាបន្ត។ លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងបន្តពិនិត្យ ដើម្បីសម្រេចដាក់ចេញនូវឯកសារគោលសំខាន់ៗ ផ្សេងទៀត នាពេលអនាគតខាងមុខនេះ៕